ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យរបួសធ្ងន់២នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មនុស្ស២នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយរវាងម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយនឹងម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះផ្អើលដល់អ្នកភូមិទាំងយប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី៣ខែ ឧសភា ឆ្នាំ២០២២ លើផ្លូវក្រាលកៅស៊ូនៅចំណុចភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

   យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ភារ៉ា  អាយុ២៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ  ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខកំពង់ចាម១Q-១៤១៥បានរងការខូចខាតស្ទើរទាំងស្រុង។

    ចំណែកភាគីម្ខាងទៀតមានឈ្មោះបឿន ឡាត់ អាយុ៣៧ឆ្នាំ រស់នៅភូមិសេរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូសណ្តោងរ៉ឺម៉កម៉ាកសង់កូរ៉េ គ្មានស្លាកលេខ។

    តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខកំពង់ចាម១Q-១៤១៥ ដោយធ្វើដំណើរលើផ្លូវក្រាលកៅស៊ូក្នុងទិសដៅពីកើតទៅលិច គ្មានភ្លើងបំភ្លឺផ្លូវនិងមិនប្រកាន់ស្ដាំទេបានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កសង់កូរ៉េ គ្មានស្លាកលេខដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

    ក្រោយមកអ្នករងរបួសទាំងសងខាងត្រូវបានបងប្អូនយករថយន្តមកដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។

    ចំណែកវត្ថុតាងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងត្របែកដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖