ភ្នំពេញ៖ លោកស្រី ឈិន ដាណា ថៅកែក្រុមហ៊ុនទិញ-លក់ដី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសឆបោក និងចេញសែកស្អុយ។
សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានឃាត់ខ្លួនលោកស្រី(ជំទាវ)ម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ និងចេញសែកគ្មានសាច់ប្រាក់ឱ្យអតិថិជនក្នុងរឿងទិញ-លក់ដីខ្យល់។
មន្ត្រីនគរបាលបានបញ្ជាក់ថា ជនត្រូវចោទមានឈ្មោះ ឈិន ដាណា ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅបុរីឌឺផ្លរ៉ា ផ្ទះលេខ០៣ វិថីឌឺផ្លរ៉ា១ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពបន្ថែមថា ការឃាត់ខ្លួនលោកស្រី ឈិន ដាណា អគ្គនាយិកាក្រុមហ៊ុន ម៉ា ឈិន ដាណា បាន ហេងហេង គ្រុប ធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១នៃច្បាប់ស្ដីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
សមត្ថកិច្ចបញ្ជាក់ថា នៅអំឡុងចុងឆ្នាំ២០២០ លោកស្រី ឈិន ដាណា បានធ្វើកិច្ចសន្យាលក់ដីទំហំ៣ហិកតា ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃ៦០ម៉ឺនដុល្លារឱ្យទៅជនរងគ្រោះម្នាក់។ ដោយមានការជឿជាក់លើលោកស្រី ឈិន ដាណា ជនរងគ្រោះបានបង់ប្រាក់ថ្លៃដីគ្រប់ចំនួនឱ្យទៅលោកស្រី។ ក្រោយពីបានលុយអស់ហើយបែរជាលោកស្រីដាណាគ្មានដីឱ្យជនរងគ្រោះទៅវិញ។
លោកស្រី ឈិន ដាណា បានព្យាយាមគេចវេះមិនជួបនិងដោះស្រាយបញ្ហាលក់ដីខ្យល់ឱ្យជនរងគ្រោះនោះទេ និងចុងក្រោយហ៊ានចេញសែកគ្មានសាច់ប្រាក់ឱ្យទៅជនរងគ្រោះទៀតដើម្បីដោះខ្លួនមួយគ្រា។
ដោយសារតែលោកស្រី ឈិន ដាណា មានឆន្ទៈបោកប្រាស់ម្ដងហើយម្ដងទៀត ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ ប៉ុន្តែលោកស្រី ឈិន ដាណា នៅតែបន្តគេចវេះមិនព្រមចូលខ្លួនឆ្លើយតាមដីកាកោះរបស់តុលាការឡើយ ទើបឈានដល់ការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកស្រី ឈិន ដាណា យកទៅប្រគល់ជូនតុលាការតែម្ដង។
មហាជនហាក់សម្ដែងការសាទរចំពោះចំណាត់ការផ្លូវច្បាប់លើលោកស្រី ឈិន ដាណា និងកំពុងរង់ចាំមើលចំណាត់ការបន្តរបស់តុលាការក្នុងការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
បច្ចុប្បន្ន ជនត្រូវចោទឈ្មោះឈិន ដាណា ត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៅឡើយ ។ តើវាសនាលោកស្រីឈិន ដាណាត្រូវបានឃុំខ្លួន ឬឱ្យនៅក្រៅឃុំ?… ៕
ដោយ ៖ រ៉ារ៉ា