ព័ត៌មានទាន់ហេតុការណ៍៖

លោក ឡាំ ជា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

 ជាកិច្ចចាប់ផ្តើម លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ព្រមទាំងពាំនាំនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការបង្កើនល្បឿនកំណែទម្រង់នានាលើគ្រប់វិស័យ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារសវនកម្មផ្ទៃក្នុង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។     

 លោក បានបន្ថែមទៀតថា សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងជនជាប់ឃុំ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។        

 លោក ក៏បានណែនាំដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានចំណុះទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់កិច្ចសហការល្អជាមួយក្រុមប្រតិភូសវនកម្ម, ខិតខំអនុវត្តប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អប្រសើរ, អនុវត្តការងារគ្រប់គ្រងបុគ្គលិកឱ្យបានច្បាស់លាស់ ការជំរុញប្រព័ន្ធលើកទឹកចិត្ត ការដាក់វិន័យ និងផ្តល់យុត្តិធម៌ដល់មន្ត្រីក្រោមឱវាទ, អនុវត្តកិច្ចការហិរញ្ញវត្ថុ រួមមាន កិច្ចបញ្ជិកាចំណូល-ចំណាយ និងឯកសារនានាឱ្យបានត្រឹមត្រូវតាមនីតិវិធីជាធរមាន, យកចិត្តទុកដាក់ពង្រឹងការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

បន្ថែមលើនេះ លោក ឡាំ ជា បានណែនាំដល់ក្រុមប្រតិភូសវនកម្មផ្ទៃក្នុងទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈសវនកម្មជាប់ជាប្រចាំ, អនុវត្តកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និងពន្ធនាគារ, ត្រូវត្រួតពិនិត្យរាល់ឯកសារ កិច្ចប្រតិបត្តិការទាំងឡាយរបស់សវនដ្ឋានឱ្យបានច្បាស់លាស់ និងដាក់ចេញនូវអនុសាសន៍កែលម្អឱ្យចំចំណុចខ្វះខាតជាក់ស្ដែងដែលកើតមាននៅសវនដ្ឋាន និងត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ ឱ្យសវនដ្ឋានអនុវត្តតាមអនុសាសន៍ និងត្រូវមានរបាយការណ៍។

លោក បានបន្ដថា ជាងនេះទៅទៀត បន្ទាប់ពីបានបញ្ចប់ការងារសវនកម្មផ្ទៃក្នុងនៅគ្រប់សវនដ្ឋានគោលដៅទាំងអស់រួចរាល់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវរៀបចំរបាយការណ៍ពិសេសមួយឬមួយចំនួន  អំពីករណីដែលខ្លួនរកឃើញថា មានហានិភ័យខ្ពស់ ដែលចាំបាច់ត្រូវមានដំណោះស្រាយជាបន្ទាន់ ដើម្បីគោរពរាយការណ៍ផ្ទាល់ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគោរពស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់។   

    ជាចុងក្រោយ លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម-លោកជំទាវ លោក-លោកស្រី គណៈអធិបតី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល និងសូមប្រសិទ្ធពរជ័យសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងចៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងបានប្រកាសបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ពីពេលនេះតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖