ខេត្តបាត់ដំបង ៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ ជា មេបញ្ជាការបានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ ជាកម្លាំងចំណុះ សហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង ជាប្រចាំ។
ការយកចិត្តទុកដាក់ចេញល្បាតតាមព្រំដែននេះ ធ្វើឲ្យនៅថ្ងៃទី៣ខែឧសភាម្សិលមិញនេះកម្លាំងបានទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ ត្រង់ចំណុចភូមិសាស្ត្រឃុំសន្តិភាព ឃុំជ្រៃសីមា និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៤លើក សរុបចំនួន២២នាក់ ក្នុងនោះមាន ស្រី៩នាក់ ក្មេង៦នាក់ ក្មេងស្រី១នាក់ ។
ប្រភពពីមន្ត្រីនគរបាលការពារព្រំដែនក្នុងវរសេនាតូចលេខ ៨១៦ បានឲ្យដឹងថា ក្រោយពីទទទទួលប្រជាពលរដ្ឋទាំង២២នាក់នេះ កម្លាំងយើងបានកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ ពួកគាត់រួចប្រគល់បងប្អូន ទៅឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើការត្រួតពិនិត្យសុខភាព និងស្គែនប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩នៅនឹងប៉ុស្តិ៍តែម្តង ។ ជាលទ្ធផលឃើញថាពួកគាត់បានអនុវត្តត្រឹមត្រូវទាំងអស់ ។ បន្ទាប់មកក្រុមពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ៕
ដោយ ៖ ប្រាថ្នា