ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងសាកល្បងមីស៊ីលលើកទី១៤ នៅក្នុងឆ្នាំ២០២២

ចែករំលែក៖

នៅថ្ងៃទី៤ខែឧសភា កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងទើបតែបានបាញ់សាកល្បងកាំជ្រួចមីស៊ីលលើកទី១៤ទៅកាន់ដែនសមុទ្រភាគខាងកើតប្រទេសនេះ។

កម្លាំងទាហានកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងនៅថ្ងៃទី ៤ខែឧសភា ក្នុងតំបន់ Sunan នៃទីក្រុងព្យុងយ៉ាង ។ នៅក្នុងតំបន់ Sunanនេះដែរ គឺជាទីកន្លែងដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប Hwasong-17 កាលពីថ្ងៃទី២៤ ខែមីនា ។
ជាមួយគ្នានេះដែរ កម្លាំងការពារដែនសមុទ្រជប៉ុនបានប្រកាសថា កូរ៉េខាងជើងបានសាកល្បងមីស៊ីល ហើយក៏បានអំពាវនាវដល់នាវានានាអាចនឹងផ្តល់ដំណឹងប្រសិនបើមានឃើញវត្ថុហោះហើរធ្លាក់នៅក្នុងដែនសមុទ្រ។
នៅពេលនេះ គេមិនទាន់មានព័ត៌មានលម្អិតជុំវិញការសាកល្បងមីស៊ីលនេះនៅឡើយទេ។ ប្រសិនបើនេះជាការសាកល្បងមីស៊ីលនោះគឺជាលើកទី១៤ហើយដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលក្នុងឆ្នាំ២០២២នេះ។
ព័ត៌មានស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកើតឡើងក្នុងពេលប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Yoon Suk-yeol ត្រៀមចូលកាន់តំណែងនៅថ្ងៃទី ១០ខែឧសភា ៕

ដោយ៖ធីរីណា


ចែករំលែក៖