ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងភាគីកម្ពុជា បានដឹកនាំមន្ត្រីជំនាញក្រសួងទេសចរណ៍ ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ ជាមួយភាគីវៀតណាម និងឡាវ តាមប្រព័ន្ធវីដេអូ។ នេះបើយោងតាមការបញ្ជាក់អោយដឹងដោយផឹកផ្លូវការរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបន្តថា, កិច្ចប្រជុំបានពិភាក្សា និងឯកភាពលើផែនការសកម្មភាព និងប្រទេសដឹកនាំអនុវត្តសកម្មភាពស្នូលសំខាន់ៗ ដែលជាផ្នែកមួយនៃការរួមគ្នាស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយក្នុងនោះភាគីកម្ពុជាបានឯកភាពតាមសំណើររបស់អង្គប្រជុំ ដោយទទួលបន្ទុកដឹកនាំសកម្មភាពស្នូលចំនួន ០៥ រួមមាន៖ (១) ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងគោលដៅ ការអភិរក្សធនធានធម្មជាតិនិងវប្បធម៌ និងការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍/អេកូ-ទេសចរណ៍ និងផ្ទះស្នាក់នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (២) ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្ស ឆ្ពោះទៅស្តង់ដាអ្នកជំនាញទេសចរណ៍អាស៊ាន (៣) អភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ (៤) កិច្ចសហការដើម្បីអភិរក្ស និងការពារប្រព័ន្ធជីវៈចម្រុះ និងបរិស្ថានទេសចរណ៍ និង (៥) កិច្ចសហការក្នុងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ និងការឆ្លើយតបរហ័សទៅនឹងទឹកជំនន់ ខ្យល់ព្យុះ និងការស្តារឡើងវិញក្រោយមហត្តរាយ។
អង្គប្រជុំបានឯកភាពតាមដោយសម្រេចតាមយោបល់របស់លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិលើការងារសំខាន់រួមមាន៖ (១) ការផ្សព្វផ្សាយរួមគ្នារវាងប្រទេសទាំង៣ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍កម្រិតអន្តរជាតិ និងការរៀបចំវីដេអូ ស្លាកសញ្ញា និងយីហោផ្សព្វផ្សាយតំបន់ត្រីកោណអភិវឌ្ឍន៍ (២) រៀបចំកិច្ចប្រជុំក្រុមការងារអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ ចំនួន ២ដងក្នុងមួយឆ្នាំ ដើម្បីបូកសរុបការងារ និងរាយការណ៍ជូនអង្គការជាតិទេសចរណ៍អាស៊ាន និងការបញ្ជូលសមាសភាពអន្តរក្រសួង ស្ថាប័នទៅក្នុងក្រុមការងារ (៣) រៀបចំស្តង់ដាទេសចរណ៍សំខាន់ៗសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ដោយយកគំរូរតាមស្តង់ដាទេសចរណ៍អាស៊ានដែលបានអនុវត្ត (៤) រៀបចំ Farm Trip សម្រាប់វិស័យឯកជនដើម្បីសិក្សា និងកំណត់សក្តានុពលទេសចរណ៍ក្នុងខេត្តតំបន់ត្រីកោណអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ និងការរៀបចំ Caravan Tour ឆ្លងប្រទេស ដើម្បីចាប់យកប្រភពទីផ្សារនៅតំបន់ឆ្ងាយៗ (៥) សហការដើម្បីបញ្ជូលកីឡាទេសចរណ៍ ទៅក្នុងផែនការសកម្មភាពរបស់ ផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ ៕
ដោយ ៖ សិលា