ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះរាជាណាចក្រថៃ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី និង ព្រះរាជាណាចក្រថ

១. កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបីនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ គឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី ១១-១៣ វិច្ឆិកា កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃទី១៥-១៦ វិច្ឆិកា និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅថ្ងៃទី១៨-១៩ វិច្ឆិកា ឆ្នាំ២០២២។

២. ដំណើរការអាស៊ាន G20 និង APEC មានចរិតលក្ខណៈរួម ដែលផ្តល់ឱកាសមួយពិសេសសម្រាប់ បណ្តាប្រទេស/សេដ្ឋកិច្ចសមាជិករួមគ្នាជំរុញរបៀបវារៈតំបន់ និងក្នុងពិភពលោក ក៏ដូចជាកិច្ចប្រឹង ប្រែងដើម្បីនាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នដល់ ប្រជាជនរបស់យើងទាំងអស់។

៣. ក្នុងគោលដៅនេះ អាស៊ានប្ដេជ្ញាដោះស្រាយបញ្ហាប្រឈមរួមដែលនៅចំពោះមុខ និងរក្សានិរន្តរភាព ថាមវន្តនៃការកសាងសហគមន៍អាស៊ាន ដោយឈរលើស្មារតីរួបរួមគ្នារឹងមាំ ក្រោមស្លាកបាវចនា «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា» ។ យើងប្តេជ្ញាពង្រឹងភាពធន់របស់អាស៊ាន ក្នុងការប្រឈមនឹងភាពមិនច្បាស់លាស់ជាសាកល និងដើម្បីរក្សាតួនាទីស្នូលរបស់អាស៊ាន ក្នុង និម្មាបនកម្មតំបន់ដែលសង្កត់ធ្ងន់ទៅលើការចូលរួមទំនាក់ទំនងក្នុងន័យស្ថាបនា ដោយផ្អែកលើ គោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ស្មើគ្នា។ ការពន្លឿនកិច្ចប្រឹងប្រែង ស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការលើកកម្ពស់សមាហរណកម្មអាស៊ាន និងសមត្ថភាព ប្រកួតប្រជែងសម្រាប់កំណើនរយៈពេលវែងក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់ សន្តិសុខផ្នែកសុខភាព និងការគាំពារសង្គមសម្រាប់ប្រជាជន គឺជារបៀបវារៈក្នុងចំណោមអាទិភាព ចម្បងៗរបស់យើង។

៤. រីឯវេទិកាក្រុម G20 ជាមួយនឹងប្រធានបទ «ងើបឡើងវិញទាំងអស់គ្នា ងើបឡើងវិញកាន់តែរឹងមាំ» មានគោលបំណងជួយសម្រួលដល់ការងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្នសម្រាប់ ទាំងអស់គ្នា។ ប្រធានាធិបតីឥណ្ឌូនេស៊ីប្ដេជ្ញាធានាថា ក្រុម G20 មានសារសំខាន់មិនមែនត្រឹមតែ សម្រាប់សមាជិករបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍។ ក្រុម G20 បានកំណត់អាទិភាពលើវិស័យចំនួនបីពោលគឺ ការពង្រឹង និម្មាបនកម្មសុខភាពសកល ការផ្លាស់ប្តូរបែបឌីជីថល និងការផ្លាស់ប្តូរថាមពល ក្នុងគោលដៅធ្វើ យ៉ាងណាឲ្យ G20 អាចដើរតួជាកាតាលីករ សម្រាប់ការងើបឡើងវិញជាសកលដ៏រឹងមាំ និង ប្រកបដោយបរិយាប័ន្ន។

៥ចំពោះ APEC ដែលជាវេទិកាពិសេសមានសមាសភាពជាសេដ្ឋកិច្ច ជាជាងជាបណ្តារដ្ឋនៅអាស៊ី ប៉ាស៊ីហ្វិក ការងារដែលកំពុងបន្តធ្វើគឺ វិធីពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីសម្រេច បានវិបុលភាពរួមគ្នា។ មូលបទ APEC ឆ្នាំ ២០២២ «បើកចំហរ តភ្ជាប់ តុល្យភាព» ឆ្លុះបញ្ចាំងអំពី គោលដៅ និងការប្តេជ្ញាចិត្តរួមរបស់សេដ្ឋកិច្ចនៃសមាជិកវេទិកានេះ ក្នុងការដោះស្រាយបញ្ហា ប្រឈមដ៏ធំសម្បើមដែលកើតចេញពីជំងឺរាតត្បាត និងជម្លោះដែលបានជះផលប៉ះពាល់អវិជ្ជមាន នៅទូទាំងពិភពលោក។ មូលបទនេះមានគោលបំណងជំរុញនូវចក្ខុវិស័យសហគមន៍អាស៊ី ប៉ាស៊ីហ្វិកបើកចំហ ស្វាហាប់ ធន់ និងសន្តិភាព។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសថៃអំពាវនាវឱ្យមាន ការសន្ទនាឡើងវិញអំពីតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក គាំទ្រការវិលត្រឡប់ទៅកាន់ការធ្វើ ដំណើរប្រកបដោយសុវត្ថិភាព និងរលូន ហើយសង្កត់ធ្ងន់លើបរិយាប័ន្ន និងនិរន្តរភាព តាមរយៈការ អនុវត្តគំរូសេដ្ឋកិច្ចជីវៈ-វិលជុំ-បៃតង ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការជួយស្ដារតំបន់ និងពិភពលោក ពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩។

៦. ក្នុងនាមជាប្រធាននៃកិច្ចប្រជុំសំខាន់ៗដូចខាងលើនៅក្នុងឆ្នាំនេះ យើងប្តេជ្ញាធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាស្មារតីកិច្ចសហប្រតិបត្តិការ ខណៈដែលយើងនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍បន្តពង្រឹងភាពមជ្ឈភាព ភាពជឿជាក់ និងសារៈសំខាន់របស់អាស៊ានក្នុងការរក្សា សន្តិភាព និងស្ថិរភាពនៅក្នុងរបស់យើង ក៏ដូចជាកិច្ចប្រឹងប្រែងនានាក្នុងតំបន់ និងពិភពលោក៕


ដោយ ៖ សិលា


ចែករំលែក៖