ខេត្តបាត់ដំបង ៖ បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានបញ្ជាក់អោយដឹងថា,សត្វជ្រឹងប្រមាណជាង ១ម៉ឺនក្បាល ដែលមករស់នៅលើដើមឈើ ក្នុងវត្តបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងយកចិត្តទុកដាក់ការពារអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរទស្សនាកម្សាន្តប្រភេទសត្វកម្រមួយនេះ។
ផេកក្រសួងព័ត៌មាន បានបន្តថា, មេឃុំបាយដំរាំ លោក ង៉ុង ឆាន់លី បានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្នមានសត្វជ្រឹងជាង១ម៉ឺនក្បាលកំពុងរស់នៅលើដើមឈើមុខវត្តបាយដំរាំ ខណៈកាលពីឆ្នាំ១៩៩៩ មានសត្វនេះមករស់នៅដំបូងតែ៧ក្បាលប៉ុណ្ណោះ។ លោកបន្តថា សព្វថ្ងៃនេះសត្វជ្រឹងបានមករស់នៅ លើដើមច្រេស ចំនួន ៣ដើម នៅតាមមាត់ស្ទឹង ក្រៅបរិវេណក្បែរវត្តបាយដំរាំ។
លោកថា ដំបូងឡើយសត្វជ្រឹងគឺរស់នៅក្នុងវត្ត តែដោយសារមានការរំខាន ឬយាយីពីសំណាក់ជនខិលខូច បាញ់យកបរិភោគទើបបណ្តាលឱ្យវាផ្លាស់ប្ដូរជម្រកពីដើមឈើមួយទៅដើមមួយ តែវាមិនទៅណាឆ្ងាយពីវត្តនោះឡើយ។
លោកបន្ថែមថា អាជ្ញាធរឃុំបានបានរៀបចំសហគមន៍អភិរក្ស និងផាកពិន័យចំពោះជនណាបាញ់ សត្វជ្រឹងមួយក្បាល ត្រូវបង់ប្រាក់ ៣០ម៉ឺនរៀល ហើយមានការអប់រំដល់ពលរដ្ឋណា ដាក់មួងចាប់សត្វនេះផងដែរ។ លោករំពឹងថា ក្រោមការយកចិត្តទុកការពារ នឹងធ្វើឱ្យសត្វរស់នៅទីនេះមានសេចក្តីសុខ មិនហើរចេញរកទីជម្រកផ្សេងទៀតនោះឡើយ ។
លោកមេឃុំរូបនេះក៏បានឲ្យដឹងដែរថា សត្វជ្រឹងដេកលើដើមឈើរណេងរណោង គឺជាទស្សនីយភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត ខណៈមុនការផ្ទុះកូវីដ-១៩ សម្បូរទៅ ដោយភ្ញៀវទេសចរ អន្តរជាតិ ពិសេសរៀងរាល់ថ្ងៃចុងសប្តាហ៍ ។
សត្វជ្រឹង ជាប្រភេទថនិកសត្វតែមួយគត់ដែលអាចហោះហើរបាន ចំណែកឯចំណីអាហាររបស់វាមានដូចជា ផ្លែឈើទុំ ផ្កានិងលំអងផ្កាជាដើម។ វាចេញរកចំណីនៅម៉ោង៧ ឬ៨យប់ ដែលវាអាចហើរទៅចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ រហូតដល់ ម៉ោង៣ ជិតភ្លឺទើបវាត្រឡប់មកវិញ។ ម្យ៉ាងទៀតសត្វជ្រឹង វាមានកូនក្នុងមួយឆ្នាំម្ដង ចាប់ពី១ទៅ ២ក្បាល ហើយនៅពេលវាចេញរកចំណី កូនរបស់វាត្រូវឱបជាប់នឹងខ្លួនរបស់មេជានិច្ច។
អាជ្ញាធរខេត្តបាត់ដំបងយកចិត្តទុកដាក់ការពារអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរទស្សនាកម្សាន្តប្រភេទសត្វកម្រមួយនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការកោតសរសើរ ចំពោះការអភិរក្ស ការពារសត្វព្រៃ ដែលជាប្រភេទសត្វកម្រ និងជាការស្រលាញ់ទាំងធនធានធម្មជាតិផងដែរ៕
ដោយ ៖ សិលា