ព័ត៌មានទាន់ហេតុការណ៍៖

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

 ៥-ខ្មោច ទេវតា ព្រហ្ម ជាសភាវៈមានជីវិត÷

វចនានុក្រមខ្មែរពាក្យអទិស្សមានកាយ មានន័យថាពួក អ្នកមានកាយដែលគេមើលមិនឃើញគឺជាពួកមនុស្សមានភូតដូចជាបិសាចទេវតា អារក្ស អ្នកតា យក្ស ជាដើម។ ទ្រឹស្ដីពុទ្ធសាសនាចែកកំណើតសត្វជាបួនប្រភេទដោយចាត់ទុកពួកអតិស្សមានកាយជាឧបបាតិកកំណើត គឺជាពួកសត្វប៉ើងអណ្ដែតទៅកើតឯងនៅក្នុងលំហ ។ ពួកសត្វកើតឯងនេះរួមមាន នរក ប្រេត អសុរកាយ ទាំងបីក្រុមនេះ ចាត់ទុកជាក្រុមអបាយភូមិ គឺពួកសត្វដែលមានចិត្តប្រាសចាកសេចក្តីចម្រើនពួកទេវតាព្រហ្ម ចាត់ទុកជាក្រុមសុគតិភូមិ គឺពួកសត្វដែលមានចិត្តប្រកបដោយដំណើរល្អមានការប្រព្រឹត្តទៅជាទិព្វដោយអំណាចនៃមហាកុសលវិបាកចិត្តឬមហាគ្គតចិត្តរបស់ខ្លួនកាលនៅជាមនុស្ស ។

  ព្រះសម្មាសម្ពុទ្ធសម្ដែងថាមនុស្សស្លាប់ទៅឧប្បត្តិកកើតជាអទិស្សមានកាយនេះទៅតាមកម្លាំងផលចិត្តជាកុសល និងជាអកុសល កាលខ្លួននៅរស់ជាមនុស្ស។ ឧបមាមនុស្សហៀបស្លាប់មានចិត្តនឹករកអារម្មណ៍យ៉ាងសង្វេគ ភ័យស្លន់ស្លោ ស្លុតរន្ធត់រួមទាំងការឈឺចុកចាប់ដំណើរច្របូកច្របល់ធាតុ។ ឯធាតុទាំងបួនដែលកំពុងមានប្រតិកម្មយ៉ាងច្របូកច្របល់នេះ ក៏កើតឡើងអាស្រ័យចិត្តភ័យ រន្ធត់ចិត្តស្លន់ស្លោ អន្ទះអន្ទែងនោះឯង។ កាលបើមនុស្សហៀបស្លាប់ ចិត្តកើតរលត់នៅត្រង់មរណាសន្នជវនបែបនេះ ពេលចុតិចិត្តកើតឡើង ក៏នឹងឧបដិសន្ធិ ឧប្បតឹកទៅកើតជា នរក ប្រេតអសុរកាយ បានពេញរូបរាងភ្លាមតែម្ដង។ ប៉ុន្តែបើមនុស្សណានៅពេលសេចក្តីស្លាប់មកដល់វារៈចិត្តរក្សាខ្ជាប់ខ្ជួននូវបីតិបាមោជ្ជៈបស្សទ្ធិ សុខៈ ជាសមាធិចិត្តបានល្អក្នុងអារម្មណ៍ ជាបុណ្យ ហើយជាចិត្តប្រកបដោយបញ្ញាកើតរលត់នៅត្រង់ណាសន្នជវនវិថីមនុស្សនោះស្លាប់ទៅនឹងមកបដិសន្ធិជាមនុស្ស ឬនៅក្នុងសុគតិភូមិដោយពិតទៅតាមអំណាចនៃបញ្ញារបស់ខ្លួនប៉ុណ្ណោះ។ ឃើញថា អទិស្សមានកាយ ជាសត្វមានជីវិតមានវិញ្ញាណ មានចិត្ត មានបញ្ញាដោយគ្រាន់តែមានរូបកាយដែលមនុស្សមើលមិនឃើញ មូលហេតុជីវិតវិញ្ញាណចិត្តនោះ ជ្រកក្នុងមហាភូតរូប ៤ ដែលមាននៅក្នុងលំហអាកាស ជាបរមាណូធាតុអីល្អិតបំផុត។ ឯធម្មជាតិចិត្តនេះ ក៏ជានាមធម៌មើលមិនឃើញ ឯរូបធម៌ទើបមើលឃើញពណ៌ត្រូវ ទើបជីវិតនៅក្នុងលំហ យើងជាពួកបុថុជ្ជជន មិនមានចិត្តបរិសុទ្ធ ជាចក្ខុទិព្វមើលមិនឃើញឡើយ។ ទ្រឹស្ដីព្រះពុទ្ធសាសនាចែកពួកសត្វអទស្សមានកាយជាច្រើនពួក ច្រើនជាន់ ច្រើនយ៉ាងនេះ គឺចែកទៅតាមប្រភេទចិត្តដែលមនុស្សផ្ដោតដិតដាមប្រាថ្នាមាំចំពោះវត្ថុកាម ឬអារម្មណ៍ជាបុណ្យ ជាបាបណាមួយនោះ។ប្រជាជនខ្មែរមានការបែងចែក ត្រឹមខ្មោចល្អ ខ្មោចអាក្រក់ប៉ុណ្ណោះតាមការឃើញជាក់ស្ដែង។

  មនុស្សមានជីវិតមានវិញ្ញាណមានចិត្តមនុស្សមើលឃើញរូបកាយបានកាយមានជីវិតមានវិញ្ញាណតែមើលមិនឃើញទេ។ បើយល់ទៅលើលោកធាតុវិជ្ជារបស់ព្រះសម្មាសម្ពុទ្ធ បានរកឃើញថា នៅក្នុងចក្រវាឡលោកយើងនេះ ជាទីប្រជុំនៃធាតុហៅថាអាកាសលោក មនុស្សយើងក៏រមែងប្រជុំតាក់តែងកើតឡើងពីធាតុទាំងបួននិងរួមដោយឧបាទាយរូប ២៤។  រូប៤ នេះព្រះអង្គបានធ្វើការបំបែកឲ្យទៅជាផង់ដ៏ល្អិតបំផុតតាមបញ្ញាចក្ខុ បើបំបែកទៅទៀតបំបែកមិនបាន ហើយថាកលាបៈ បើប្រៀបធៀបមកការបំបែកធាតុតាមបែបរូបគីមីវិទ្យាអាចហៅថា បរិមាណូ។ នៅក្នុងមួយកូលាបៈនេះ ទ្រង់នៅតែមើលឃើញថា យ៉ាងហោចណាស់មានរូបធាតុ ៨ បំបែកពីគ្នាមិនបានហើយថា អវិនិព្ភោគ៨ ។ រូបធាតុ ៨ បំបែកមិនបានមួយកុលាបៈនេះ គឺមានដីមួយ ទឹកមួយភ្លើងមួយ ខ្យល់មួយ ពណ៌មួយ 1 ក្លិនមួ រសមួយ ឱជ្ជមួយ ច្រើនលានកលាបៈនេះត្រួតគរលើគ្នាកើតបានជារូបក្ខន្ធ គឺកងរូបយើងនេះ ឬហៅថាប្រជុំរូប ក៏បានតាក់តែងជារូបមនុស្សមើលឃើញពាល់ត្រូវ។ (នៅមានត)

 

ពិនិត្យស្រាវជ្រាវពីច្បាប់ដើមដោយ÷ ចៅតាជេត


ចែករំលែក៖