ខេត្តកែប៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី០៥ ខែឧសភា ឆ្នាំ២០២២នេះថា៖ ផ្លូវបេតុងប្រវែង ៦គីឡូម៉ែត្រស្ថិតនៅភ្នំកែបធំនៃឧទ្យានជាតិកែបប្រសិទ្ធិនាមថា «រុក្ខវិថីបុប្ជាប្រសិទ្ធ» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៤ ខែឧសភាម្សិលមិញ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ,លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ,លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុប៤៤០នាក់។
រុក្ខវិថីបុប្ជាប្រសិទ្ធដែលលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកថាជាមិនត្រឹមតែជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ តែផ្លូវនេះគឺជាការវិនិយោគទៅលើសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្តកែប ទាក់ទាញភ្ញៀវទេសចរមកលំហែកម្សាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយគន់រុក្ខជាតិពណ៍បៃតងជាច្រើននៅក្នុងព្រៃឧទ្យានជាតិនេះ។
លោក សាយ សំអាល់ បានមានប្រសាសន៍ថា រុក្ខវិថីប្រវែង ៦គីឡូម៉ែត្រនេះត្រូវបានស្តារនិងសាងសង់ឡើងដោយប្រើប្រាស់ថវិកាបានមកពីការលក់ឥណទានកាបូន និងទុកជាប្រយោជន៍សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ អ្វីដែលសំខាន់ យើងចង់ប្រែក្លាយផ្លូវនិងឧទ្យានជាតិនេះទៅជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់ខេត្តកែប ជាផ្នែកមួយដែលចូលរួមលើកស្ទួយជីវភាពរបស់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តកែប។ រុក្ខវិថីនេះមិនត្រឹមតែជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ តែផ្លូវនេះគឺជាការវិនិយោគទៅលើសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្តកែប។ ថវិកាដែលបានមកពីការលក់ឥណទានកាបូន យើងបានយកមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលជួយបងប្អូនប្រជាពលរដ្ឋ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធនេះក៏ស្ថិតក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែប បង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ។ អ្វីដែលក្រសួងបរិស្ថានធ្វើនៅទីនេះ មិនមែនជំរុញលើការការពារនិងអភិរក្ស ឧទ្យានជាតិនេះឱ្យមានសោភ័ណភាពស្អាតទេ តែដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តកែបឱ្យកាន់តែច្រើនបន្ថែមទៀត និងដើរកម្សាន្តនៅជុំវិញភ្នំកែបធំនេះ»។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាទន្ទឹមនឹងការគ្រប់គ្រងអភិរក្សឱ្យបានល្អប្រសើរ ក្រសួងបរិស្ថានបានគិតគូរក្នុងការប្រែក្លាយតំបន់អភិរក្សធម្មជាតិមួយចំនួនដូចជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃដែលមានសក្តានុពលទេសចរណ៍ មិនត្រឹមតែជាកន្លែងថែរក្សាអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះ តែក៏ជាកន្លែងទេសចរណ៍ធម្មជាតិសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរកម្សាន្ត។ ការរៀបចំនេះដើរទន្ទឹមគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្តនីមួយៗ។ ដើម្បីសម្រេចគោលបំណងនេះ យើងត្រូវការថវិកាដើម្បីអនុវត្ត ហើយថវិកាដែលយកមកអនុវត្តគឺបានមកពីថវិកាលក់ឥណទានកាបូនដែលកម្ពុជាទទួលបានជោគជ័យលក់ក្នុងទីផ្សារឥណទានកាបូនស្ម័គ្រចិត្តអន្តរជាតិ។
មានមតិស្វាគមន៍ និងរបាយការណ៍នាឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា រដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់ចំពោះការគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះប្រកបដោយចីរភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវន្តជាដើម ដូចថ្ងៃនេះ ខេត្តកែបបានជួសជុល ស្ថាបនាឡើងវិញ និងសម្ពោធឱ្យប្រើប្រាស់នៅផ្លូវបេតុងជុំវិញឧទ្យានជាតិកែប ដែលជាផ្លូវចាស់ ក្នុងសម័យសង្គមរាស្ត្រ និយម ហើយផ្លូវនេះត្រូវបានជួសជុលជាបន្តបន្ទាប់ លើកទី១ ឆ្នាំ១៩៩៨, លើកទី២ ឆ្នាំ២០០៤ , លើកទី៣ ឆ្នាំ២០០៩-២០១០ ជួសជុលពង្រីកអោយធំ និងលើកទី៤ ជួសជុល ស្ថាបនា ចាក់បេតុង មានទទឹង ៣ម៉ែត្រ បណ្តោយ ៦,០០០ម៉ែត្រ ដោយប្រើប្រាស់ថវិការបស់ក្រសួងបរិស្ថាន ដោយចាប់ផ្តើមជួសជុល នៅថ្ងៃទី២៧ ខែមករា និងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ លោកអភិបាលខេត្ត បន្តថា ក្រៅពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវកៅស៊ូ ផ្លូវបេតុង កំពង់ផែកោះទន្សាយ ផ្លូវគ្រួសក្រហម រដ្ឋបាលខេត្តកែប ក៏មានសមិទ្ធផលផ្សេងទៀតដែរ ក្នុងការថែរក្សាបរិស្ថាន មានដូចជា ទីលានចាក់សំរាម ទំហំ ១៣.៣៩ ហិចតា អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ ឡដុតសំរាមតាមលក្ខណៈបច្ចេកទេស ផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់មន្ទីរអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ ត្រូវរួមគ្នាជួយថែរក្សាផ្លូវមួយខ្សែនេះ ឱ្យបានយូអង្វែង ព្រោះការកសាងសមិទ្ធផលនីមួយៗពិបាក ព្រមទាំងនឹងចំណាយពេលយូរណាស់ ទម្រាំលេចចេញជារូបរៀង សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត៕
ដោយ៖សហការី