ព័ត៌មានទាន់ហេតុការណ៍៖

ជ្រើសរើសបេក្ខភាពភូមិទេសចរណ៍ឆ្នើមឱ្យចូលរួមក្នុងការប្រកួតប្រជែងភូមិទេសចរណ៍ឆ្នើម (Best Tourism Villages) របស់អង្គការ UNWTO

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី៤ខែឧសភា ឆ្នាំ២០២២ សាលាខេត្តកំពង់ស្ពឺបានឯកភាពជ្រើសរើសភូមិទេសចរណ៍ឆ្នើមឱ្យចូលរួមក្នុងការប្រកួតប្រជែងភូមិទេសចរណ៍ឆ្នើម(Best Tourism Village) ជាមួយភូមិគំរូដទៃទៀតនៅជុំវិញពិភពលោករបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)ឆ្នាំ២០២២។

    លោកសុខ ភា អភិបាលរងខេត្តកំពង់ស្ពឺមានប្រសាសន៍ថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ហើយនិងក្រសួង ទេសចរណ៍ គ្រោងនឹងជ្រើសរើសភូមិទេសចរណ៍ឆ្នើមចំនួន០៣ភូមិ ដើម្បីដាក់ជាបេក្ខភាពតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាចូលរួមការប្រកួតប្រជែង “ភូមិទេសចរណ៍ឆ្នើម (Best Tourlsm Villages)” ជាមួយនឹងភូមិទេសចរណ៍ឆ្នើមដទៃទៀតនៅជុំវិញពិភពលោក ក្រោមការរៀបចំរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) សម្រាប់ឆ្នាំ២០២២។ 

   ក្នុងន័យនេះ គ.ជ.វ.ទ. ស្នើសុំ គណៈអភិបាលរាជធានី-ខេត្តជ្រើសរើសបេក្ខភាពភូមិទេសចរណ៍ឆ្នើមចំនួន ០១ភូមិ បញ្ជូនមកគ.ជ.វ.ទ. ឱ្យបានមុន ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។

    ភូមិទេសចរណ៍ដែលអាចចូលរួមជាបេក្ខភាពក្នុងការប្រកួតប្រជែងនេះត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

   -មានដង់ស៊ីតេប្រជាជនទាប និងមានប្រជាជនអតិបរមាចំនួន១៥.០០០នាក់

និងមានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពប្រពៃណីសំខាន់ៗដូចជា កសិកម្ម ព្រៃឈើ ការចិញ្ចឹមសត្វឬការនេសាទជាដើម មានប្រពៃណី និងជីវភាពរស់នៅដែលកំពុងអនុវត្តដោយប្រជាជននៅក្នុងភូមិនោះផ្ទាល់។

   លោកបានបន្តទៀតថា គណៈអភិបាលរាជធានី-ខេត្ត ត្រូវបង្ហាញពីលក្ខណៈពិសេសៗរបស់ភូមិទេសចរណ៍ឆ្នើម តាមលក្ខណៈនៃការវាយតម្លៃក្នុងការប្រកួតប្រជែង “ភូមិទេសចរណ៍ឆ្នើម (Best Toursrn Villages}” ដែលមានដូចខាងក្រោម៖

    ១- ធនធានវប្បធម៌ និងធម្មជាតិ៖ ភូមិមានធនធានធម្មជាតិ និងវប្បធម៌ (រូបី និងអរូបី) ដែលទទួលស្គាល់នៅថ្នាក់តំបន់ ថ្នាក់ជាតិ ឬអន្តរជាតិ។

    ២- ការលើកកម្ពស់ និងការអភិរក្សធនធានវប្បធម៌៖ ភូមិប្តេជ្ញាក្នុងការលើកកម្ពស់ និងការអភិរក្សសម្បត្តិវប្បធម៌របស់ខ្លួនដែលមានលក្ខណៈពិតប្រាកដ និងប្លែកពីគេ។

   ៣- ចីរភាពសេដ្ឋកិច្ច៖ ភូមិប្តេជ្ញាលើកកម្ពស់ចីរភាពសេដ្ឋកិច្ចដែលគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម សហគ្រិនភាពសមាហរណកម្ម ខ្សែសង្វាក់តម្លៃ ការវិនិយោគ និងផលវិជ្ជមាននៃវិស័យទេសចរណ៍នៅក្នុងភូមិ។

   ៤- ចីរភាពសង្គម៖ ភូមិប្តេជ្ញាលើកកម្ពស់សង្គមដែលមិនមានការរើសអើង និងសមភាពសង្គម តាមជំរុញ និងការចែករំលែកអត្ថប្រយោជន៍នៃវិស័យទេសចរណ៍។

   ៥- ចីរភាពបរិស្ថាន៖ ភូមិប្តេជ្ញាចំពោះចីរភាពបរិស្ថានតាមរយៈការផ្សព្វផ្សាយគោលនយោបាយ យន្តការ និងគំនិត ផ្តួចផ្តើមនានាដែលជំរុញការអភិរក្សនិងការថែរក្សាធនធានធម្មជាតិរបស់ខ្លួន និងកាត់បន្ថយផលប៉ះពាល់របស់វិស័យទេសចរណ៍មកលើបរិស្ថាន។

   ៦- ការអភិវឌ្ឍវិស័យទេសចរណ៍៖ ភូមិមានការជំរុញការអភិវឌ្ឍនិងការផ្សព្វផ្សាយទីផ្សារក្នុងវិស័យ

ទេសចរណ៍ ភូមិបន្តជំរុញការរួមបញ្ចូលក្នុងខ្សែសង្វាក់តម្លៃទេសចរណ៍ និងការប្រកួតប្រជែងនៅក្នុង

ផ្នែកទីផ្សារ ការផ្សព្វផ្សាយ ការច្នៃប្រឌិត ការអភិវឌ្ឍ និងការបង្កើនគុណភាពផលិតផល។

   ៧- អភិបាលកិច្ចល្អ និងអាទិភាពនៃវិស័យទេសចរណ៍៖ ភូមិប្តេជ្ញាធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាសសរស្ដម្ភ យុទ្ឋសាស្ត្រសម្រាប់ការអភិវឌ្ឍជនបទ។ 

ភូមិផ្នែកសំខាន់ទៅលើភាពជាដៃគូ រវាងវិស័យសាធារណៈនិងឯកជន កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋដទៃទៀត និងការចូលរួមរបស់សហគមន៍ក្នុងការរៀបចំគម្រោង និងការអភិវឌ្ឍ។

    ៨- ហេដ្ឋារចនាសម្ព័ន្ធ និងការភ្ជាប់ទំនាក់ទំនង៖ ភូមិមានហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយសម្រួលដល់ការធ្វើទំនាក់ទំនងគ្នារវាងប្រជាជន ដែលជួយបង្កើនសុខុមាលភាពដល់សហគមន៍ជនបទ ការអភិវឌ្ឍអាជីវកម្មក៏ដូចជាបទពិសោធន៍របស់ភ្ញៀវទេសចរ។

   ៩- សុខភាព សុវត្ថិភាព និងសន្តិសុខ៖   ភូមិមានឬនៅជិតប្រព័ន្ធសុខភាព សុវត្ថិភាព និងសន្តិសុខ ដើម្បីការពារ ប្រជាជននៅក្នុងភូមិ ក៏ដូចជាភ្ញៀវទេសចរផងដែរ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖