ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងអរគុណ គ្រប់ភាគីពាក់ព័ន្ធ បានជួយបោសសំអាត ក្នុងព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសារថ្លែងអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ បានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្តនានា នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «សូមអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូ មីង បងប្អូន និងក្មួយៗទាំងអស់ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានានៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណ្ឌភាព ជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរណ៌ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព»។

សូមបញ្ជាក់ថា សំរាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានកម្មករប្រមាណ ១៥០០នាក់ រថយន្តបានត្រៀមជាង ១០០គ្រឿង ពង្រាយធុងសំរាមថ្មី ១៣០០ធុង។ ព្រមទាំងមានមធ្យោបាយគ្រប់បែបយ៉ាង មានទាំងរថយន្តដឹកសំរាម រថយន្តបាញ់លាង មានម៉ូតូកង់បីចល័ត ដើម្បីប្រមូលធុងសំរាមចេញពេលដែលពេញ និងមានម៉ូតូកង់បី ប្រមូលសំរាមថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖