ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យថ្មីរបស់លោកត្រាំ នៅសេតវិមាន ទើបតែមានអាយុ២៧ឆ្នាំ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានផ្សាយថា ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានជ្រើសរើសអ្នកនាង Karoline Leavitt អាយុ ២៧ឆ្នាំ ដែលជាជំនួយការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ឱ្យធ្វេីជាអ្នកនាំពាក្យរបស់សេតវិមាន។
ទីប្រឹក្សាលោក ត្រាំ និយាយថា អ្នកនាង Leavitt ស្មោះស្ម័គ្រចំពោះលោក ត្រាំ ណាស់ ដោយតែងតែការពារលោក ត្រាំ នៅគ្រប់ពេលមានបទសម្ភាសន៍ព័ត៌មាននានា។ ការងាររបស់អ្នកនាំពាក្យសេតវិមានជាធម្មតា គឺជួយប្រាប់ប្រជាជនអាមេរិកអំពីសកម្មភាពប្រធានាធិបតី ដោយមិនក្បត់ទំនុកចិត្តចៅហ្វាយ។ តាមសេចក្តីថ្លែងការណ៍ លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំមានទំនុកចិត្តបំផុតថានាង (Leavitt) នឹងពូកែក្នុងតួនាទីនេះ ហើយជួយនាំសារទៅកាន់ប្រជាជនអាមេរិក ដូចដែលយើងធ្វើឱ្យអាមេរិកខ្លាំងម្តងទៀត»។
កេីតនៅក្នុងរដ្ឋ New Hampshire អ្នកនាង Leavitt គឺជាអ្នកនាំពាក្យរបស់លោក ត្រាំ នៅអាណត្តិដំបូងពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១។ Leavitt នឹងក្លាយជាអ្នកនាំពាក្យសេតវិមានវ័យក្មេងបំផុតមិនធ្លាប់មានក្នុងប្រវតិ្តសាស្រ្តអាមេរិក គិតចាប់តាំងពីឆ្នាំ ១៩៦៩ ដោយលោក Ron Ziegler គឺជាអ្នកនាំពាក្យសេវិមាន អាយុ ២៩ឆ្នាំ ក្នុងអាណត្តិរបស់លោកប្រធានាធិបតី Richard Nixon៕

ដោយ៖ ធីរីណា


ចែករំលែក៖