ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid ឡើងប៉ះ Liverpool វគ្គផ្តាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ Man City ក្នុងម៉ោងបន្ថែម

ចែករំលែក៖

ក្រុម Manchester City បានទទួលការបរាជ័យក្នុងក្របខ័ណ្ឌ Champions League ដ៏គួរឱ្យកត់សម្គាល់មួយ ខណៈដែលក្រុម Real Madrid បានត្រឡប់ពីការបរាជ័យក្នុងជើងទី១ មកជោគជ័យក្នុងជើងទី២ដើម្បីរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមហង្សក្រហមLiverpool។ ក្រុម Man City រកបាន១គ្រាប់នាំមុខមុន បន្ទាប់ពីការស៊ុតរបស់ Riyad Mahrez នៅនាទីទី៧៣ បានបន្ថែមក្នុងការឈ្នះ ៤-៣ ជើងទី១របស់ពួកគេកាលពីសប្តាហ៍មុន។

ក្រុម Real Madrid បានបន្តវាយបកនៅចុងម៉ោងរហូតដល់២គ្រាប់ដោយកីឡាករ Rodrygo នៅនាទីទី៩០ និងនៅនាទីទី៩០+១។ ចូលដល់ម៉ោងបន្ថែមក្រុមទាំង២បានព្យាយាមស្វែងរកគ្រាប់បាល់ដូចគ្នា រហូតដល់នាទីទី៩៥ កីឡាករ Man City បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទីដែលជាការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Karim Benzema ចូលទីបានសម្រេច។ ចុងក្រោយក្រុម Real Madrid ទទួលបានជ័យជម្នះយ៉ាងធំធេងក្នុងលទ្ធផល៣ទល់១ ដែលសរុបទាំង២ជើង ៦ទល់៥ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ក្រុម Man City ដែល​គិត​ថា ​ពួកគេ​នឹង​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ជា​លើក​ទី​២​ជាប់ៗ​គ្នា​ ប៉ុន្តែអ្វីៗបានប្រែប្រួល​យ៉ាងខ្លាំង ដោយរងបរាជ័យក្នុងជើងទី២ទៅវិញ។ ដូច្នេះជ័យជម្នះបានទៅលើក្រុម Real Madrid ដែលរកបានគ្រាប់បាល់សម្រេចក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ដ៏អស្ចារ្យបំផុតមិនធ្លាប់មាន។

ការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនេះគឺជាលើកទី២ ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ដែលមិនអាចបំភ្លេចបាននៅពេលដែល Real Madrid បានយកឈ្នះ Liverpool ៣-១ កាលពីឆ្នាំ២០១៨។ សម្រាប់ក្រុម Man City និងអ្នកចាត់ការលោក Pep Guardiola ឥឡូវនេះ ពានរង្វាន់ Premier League ក្រុមនេះកំពុងឈ្នះ១ពិន្ទុពីលើក្រុម Liverpool ជាមួយនឹងការប្រកួតចំនួន៤ទៀតដែលនឹងចប់រដូវកាលនេះ។ ក្រុម Man City បានឈ្នះពានរង្វាន់ Premier League ចំនួន៥ ប៉ុន្តែពានរង្វាន់Champions League ក្រុមនេះនៅតែមិនទាន់ឈ្នះសូម្បីតែម្តង។ បន្ទាប់ពីចាញ់ Chelsea ១-០ កាលពីរដូវកាលមុនក្នុងទីក្រុង Porto ក្រុម Man City ប្រហែលជាឆ្ងល់ថា តើពួកគេនឹងត្រូវរង់ចាំរយៈពេលប៉ុន្មានសម្រាប់ការឈ្នះពាននេះ។

ចំណែកក្រុម Real Madrid គឺ​ជា​ក្រុម​ដែល​ឈ្នះ​ពាន​រង្វាន់ Champions League ដល់​ទៅ​១៣​ដង ពោល​គឺ​ច្រើន​ជាង​ក្រុម​ណា​ទាំង​អស់។ ក្រុមរបស់លោក Carlo Ancelotti បានបញ្ចប់ការឈ្នះពាន La Liga កាលពីចុងសប្តាហ៍មុន ហើយឥឡូវនេះអាចផ្តោតការយកចិត្តទុកដាក់ទាំងអស់របស់ពួកគេទៅលើការប្រកួតនោះជាមួយនឹងក្រុម Liverpool នៅវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League រវាងក្រុម RealMadrid នឹង Liverpool នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភាខាងមុខនេះ វេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ក្នុងទឹកដីទីក្រុងប៉ារីសប្រទេសបារាំង ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters)


ចែករំលែក៖