អគ្គលេខាធិការអង្គការ OPEC លោក Mohammed Barkindo បានប្រកាសឱ្យដឹងថា បណ្តាប្រទេសនាំប្រេងចេញនៅលើពិភពលោកមិនអាចជំនួសតំណែងរបស់រុស្ស៊ីបានឡើយក្នុងការផ្គត់ផ្គង់ប្រេងទៅលើទីផ្សារពិភពលោក ។ រុស្ស៊ីផលិតប្រេងបានរហូតដល់ទៅ ជាង៧លានបារ៉ែលក្នុងមួយថ្ងៃ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការឯកទេសរួមរបស់ OPEC និងប្រទេសសម្ព័ន្ធមិត្តដែលហៅថា OPEC+ បានប្រកាសថា មិនមានប្រភពផ្គត់ផ្គង់ណាមួយមកជំនួសរុស្ស៊ីបានឡើយ។ អគ្គលេខាធិការអង្គការ OPEC លោក Mohammed Barkindo បានបញ្ជាក់ថា ក្រុមប្រទេសផលិតប្រេងមិនមានសមត្ថភាពនៅក្នុងការជំនួសតំណែងរបស់រុស្ស៊ីនោះឡើយ។ លោកបានបន្តទៀតថា «ជាការណ៍ពិតណាស់ ការនាំចេញប្រេងដល់ទៅ៧លានបារ៉ែលក្នុងមួយថ្ងៃរបស់រុស្ស៊ីគឺជាចំនួនយ៉ាងច្រើនមិនអាចជំនួសបានឡើយ»។
នៅក្នុងរបាយការណ៍ថ្មីបំផុតស្តីពីទីផ្សារ«មាសខ្មៅ» OPEC+ មានគម្រោងបង្កើនការផលិតប្រេង ១,៩លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២២ គឺច្រើនជាង៦សែនបារ៉ែលបើប្រៀបធៀបនឹងឆ្នាំមុន ។ តម្រូវការប្រើប្រាស់របស់ពិភពលោកនៅក្នុងឆ្នាំនេះនឹងកើនឡើងបន្ថែម ៣,៦៧លានបារ៉ែលក្នុងមួយថ្ងៃ ។
សារព័ត៌មាន Tass របស់រុស្ស៊ីបានផ្សាយថា ការវាយតម្លៃស្តីពីផលប៉ះពាល់ដោយការដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើរុស្ស៊ីក្នុងវិស័យថាមពលប្រេង មិនត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពល OPEC+នាថ្ងៃទី៥ខែឧសភានេះឡើយ។
ការលើកឡើងខាងលើរបស់ OPEC+ ក្នុងពេលដែលអឺរ៉ុបមានគម្រោងដាក់ទណ្ឌកម្មលើកទី៦ទៅលើប្រទេសរុស្ស៊ី ក្នុងនោះមានវិស័យថាមពលប្រេង។ ប៉ុន្តែមានប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប មិនយល់ស្របនោះឡើយ ដោយនៅតែបន្តទិញប្រេងពីរុស្ស៊ីដដែល ដើម្បីសេដ្ឋកិច្ចជាតិនិងផលប្រយោជន៍ប្រជាជនរបស់ខ្លួន៕
ដោយ៖ ធីរីណា(រូបថត៖Reuters )