ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមោងឫស្សី​ ឃាត់ខ្លួន​បុរសម្នាក់ជាមុខ​សញ្ញាចែកចាយគ្រឿងញៀន

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ ​បុរសម្នាក់​ ដែលជាមុខ​សញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម​នៅស្រុកមោងឫស្សី​ ត្រូវ​បានកម្លាំងជំនាញស្រុក​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចុះបង្រ្កាប​ និងឃាត់ខ្លួន​ រួមនិង​វត្ថុតាង​ជាក់ស្ដែង​។ នេះបេី​យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។ 

របាយការណ៍​ដដែល​ បានបន្តថា​​ លោកវរសេនី​យ៍​ឯក​ ស​ គឹមឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ នៅវេលាម៉ោ​ង១​០និង២៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី៥​ខែ​ ឧសភា​ ឆ្នាំ​២០​២២​នេះ​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំង​ប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រៃបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុ​ញៀន០១ករណីក្នុងបទល្មើសជាក់​ស្ដែង​ ត្រង់ចំណុចវាលស្រែ ក្រុមទី០២ ភូមិត្រស់ ឃុំតាលាស់ ស្រុកមោ​ង​ឫស្សី ខេត្តបាត់ដំបង​។  ដោយ​ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ័ត្ន ណាក់រីន ភេទ​ប្រុស  អាយុ២៤ឆ្នាំ រស់​នៅភូមិម្រះ​ព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ 

ចំណែក​វត្ថុតាងចាប់យកបាន៖​ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន០១កូនថង់មានទម្ងន់១,៥១ក្រាម ទាំងសំបក​(សង្ស័យមានសារធាតុញៀន)​ ,បំពង់ជក់ថ្នាំញៀនចំនួន០១​ ,ដែកកេះចំនួន០១​ ,ទូរស័ព្ទដៃចំនួន០១គ្រឿង​ និងម៉ូតូចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន​ឃា​ត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោង ឫស្សីដើម្បីកសាងសំណុំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖