ខ្សែប្រយុទ្ធ Thomas Mueller បានបន្តកិច្ចសន្យារបស់គាត់ជាមួយក្លិបយក្សអាល្លឺម៉ង់ Bayern Munich រហូតដល់ឆ្នាំ២០២៤ ដោយកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះនឹងចំណាយពេលអាជីពរបស់គាត់ទាំងស្រុងនៅក្នុងក្លិបជើងឯក Bundesliga ដែលគាត់បានចូលរួមកាលពី១០ឆ្នាំមុន។
ខ្សែប្រយុទ្ធ Mueller វ័យ៣២ឆ្នាំដែលបានឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់លើកទី១១ជាមួយក្រុម Bayern Munich ក្នុងរដូវកាលនេះបាននិយាយថា “ដំណើរដែលយើងបានរួមគ្នាចាប់តាំងពីខ្ញុំបានចូលរួមជាមួយក្រុមយុវជនក្នុងឆ្នាំ២០០០គឺជារឿងជោគជ័យដ៏អស្ចារ្យរហូតមកដល់ពេលនេះ” ។
ខ្សែប្រយុទ្ធដែលជួយឲ្យអាល្លឺម៉ង់ឈ្នះជើងឯក World Cup ឆ្នាំ២០១៤រូបនេះដែលបានបង្ហាញខ្លួន១១២លើកសម្រាប់អាល្លឺម៉ង់ ចាប់តាំងពីការបង្ហាញខ្លួនជាអន្តរជាតិដំបូងរបស់គាត់ក្នុងឆ្នាំ២០១០។ Mueller ក៏ដូចជាកំពូលអ្នកស៊ុតបញ្ចូលទី Robert Lewandowski, អ្នកចាំទី Manuel Neuer និងខ្សែបម្រើស្លាប Serge Gnabry នឹងត្រូវផុតកុងត្រានៅឆ្នាំ២០២៣។
គាត់គឺជាមនុស្សដំបូងគេក្នុងចំណោម៤នាក់ដែលបន្តកិច្ចព្រមព្រៀងរបស់ពួកគេចំពេលមានការរំពឹងទុកថា Lewandowski អាចចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះជាមួយនឹងក្រុម Barcelona ដែលត្រូវបានគេរាយការណ៍ថា ជាគោលដៅដែលអាចកើតមាន។
នាយកប្រតិបត្តិក្លិប Bayern Munich លោក Oliver Kahn បាននិយាយថា “Mueller ជាអត្តសញ្ញាណម្នាក់ដែលកាន់និមិត្តសញ្ញាក្លិបរបស់យើងនៅក្នុងបេះដូងរបស់គាត់។ គាត់គឺជាមនុស្សម្នាក់ដែលប្រកាន់យកភាពជាអ្នកដឹកនាំ បូករួមទាំងគាត់ជាតួអង្គសំខាន់ជាមួយក្រុម”។
ចាប់តាំងពីផ្លាស់ប្តូរអាជីពជាមួយ Bayern Munich ក្នុងឆ្នាំ២០០៨ Mueller បានបង្ហាញខ្លួនចំនួន៦២៤ប្រកួត ស៊ុតបញ្ចូលទីបាន២២៦គ្រាប់ និងបង្កើតឱកាសឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលបាន២៤២គ្រាប់។ គាត់ក៏ជាផ្នែកមួយនៃក្រុម Bayern Munich ដែលបានឈ្នះជើងឯក Champions League កាលពីឆ្នាំ២០១៣ និងឆ្នាំ២០២០ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)