ប្រទេសជប៉ុន ៖ នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបង្ហោះលើផេកផ្លូវការ ដោយសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាបងប្អូនសហគមន៏ខ្មែរ និស្សិត កម្មសិក្សាការី ពលករកម្ពុជា ដែលរស់នៅ និងកំពុងធ្វើការនៅប្រទេសជប៉ុន ព្រមទាំងមិត្តជប៉ុន ដែលបាន អញ្ជើញចូលរួមទស្សនាពិព័រណ៍កម្ពុជា នាថ្ងៃទី ០៣ និង០៤ ខែឧសភា ឆ្នាំ ២០២២ នៅ Yoyogi Park ទីក្រុងតូក្យូ កន្លងទៅថ្មីៗនេះ។ ពិព័រណ៍កម្ពុជាឆ្នាំ ២០២២ ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងអធិកអធម ដោយមានភ្ញៀវចូលរួមទស្សនា ចំនួនសរុបប្រហែល ជិត ៣០០០០ នាក់។
ក្នុងឱកាសពិព័រណកម្ពុជាខាងលើ មានស្តង់ចំនួន ៦៧ ត្រូវបានដាក់តាំងពាក់ព័ន្ធនឹងការលក់ម្ហូបអាហារខ្មែរ ផលិតផលរបស់កម្ពុជា ដូចជា ម្រេចកំពត គ្រាប់ស្វាយចន្ទី ស្រាបៀរអង្គរ និងវត្ថុអនុស្សាវរីយច្រើនមុខ ក្នុងនោះក៏មានស្តង់បីក្រុមហ៊ុនផងដែរពាក់ព័ន្ធនឹងការផ្ទេរប្រាក់ពីប្រទេសជប៉ុនទៅកម្ពុជា ដោយឆាប់រហ័ស ព្រមទាំងមានស្តង់មួយចំនួនរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ពាក់ព័ន្ធនឹងគម្រោងសកម្មភាពដោះមីននៅកម្ពុជា គម្រោងសកម្មភាពជួយក្នុងវិស័យអប់រំផ្នែកកុមារនៅខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ហើយនឹងគម្រោងសកម្មភាព ជួយដល់កុមារកំព្រាផងដែរ។
នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២២ ពិធីបិទពិព័រណ៍កម្ពុជា ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍នេះ ដោយមានការចូលរួមអបអរសាទរ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងមិត្តជប៉ុន និងបងប្អូនខ្មែរ ដ៏ច្រើនកុះករ ប្រកបដោយភាពរីករាយ និងសាមគ្គីភាព ដែលជាការឆ្លុះបញ្ចាំង ឲ្យឃើញនូវការគាំទ្រ និងលើកស្ទួយវិស័យវប្បធម៌ ទេសចរណ៌ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជាផងដែរ ក៏ដូចជាការលើកទឹកចិត្តដល់ភ្ញៀវទេសចរជប៉ុន ទៅទស្សនាប្រទេសកម្ពុជា និងដល់វិនិយោគឲគិនជប៉ុន ពិចារណាដាក់ទុនរបស់ខ្លួននៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។
ជាថ្មីម្តងទៀត ប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍កម្ពុជា សូមថ្លែងអំណរគុណផងដែរចំពោះក្រុមហ៊ុនជប៉ុនមួយចំនួន ដែលបានជួយ រួមចំណែកផ្តល់វិភាគទានរបស់ខ្លួនដល់ការរៀបចំពិព័រណ៍នេះ និងអរគុណចំពោះសមាជិក សមាជិកាទាំងអស់នៃគណៈកម្មាធិការរៀបចំ ពិព័រណ៍កម្ពុជា ក្រុមការងារស្ម័គ្រចិត្តជប៉ុន និងក្រុមការងារស្ម័គ្រចិត្តកម្ពុជា ដែលបានរួមចំណែកជាកម្លាំងកាយចិត្ត ជួយដល់ការរៀបចំ ពិព័រណ៍នេះឲ្យកាន់ តែមានភាពរលូនផងដែរ។ សូមអរគុណ
ដោយ ៖ សិលា