ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។
តាមរយៈសាររំលែកទុក្ខ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា ខ្ញុំបាទ និងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំបំផុតដោយ លោកអ៊ំ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាពកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ។
មរណភាពរបស់លោកអ៊ំ គឺជាបាត់បង់នូវស្វាមី ឪពុក ជីតា បងប្រុស ប្អូនប្រុស ឪពុកធំ ឪពុកមា ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសប្រណី ក៏ដូចជាការបាត់បង់នូវឥស្សរជនមួយរូប ដែលមានស្នាដៃក្នុងការកសាង ជាតិ និងដែលជាទីគោរពស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋ និងមន្រ្តីក្រោមឱវាទ។
ក្មួយសូមបួងសួងដល់វិញ្ញាណក្ខ័ន្ធរបស់អ៊ំប្រុសបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សូរិយា