ព័ត៌មានទាន់ហេតុការណ៍៖

ស្គូពីសាកកម្លាំងជាមួយហុងដាសេ១២៥ រងរបួសធ្ងន់និងស្រាល៣នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សរងរបួសធ្ងន់និងស្រាលចំនួន៣នាក់ដែរនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូស្ថិតនៅក្នុងទិសដៅបញ្ច្រាសគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០០នាទី នៅក្នុងភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ លើផ្លូវលេខ ១២៩ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨-១៩។  

     សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយម៉ូតូម៉ាក ស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១IB-០៩៤៨ បើកបរដោយឈ្មោះ ស៊ុន សុរិយា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ( រងរបួសស្រាល)ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស  ព្រមទាំងអ្នករួមដំណើរឈ្មោះ វ៉ាន់ ស៊ាងលី ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស (រងរបួសស្រាល) បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស និងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល ១M- ៨៥៥៨ បើកបរដោយឈ្មោះ ហៃ គឹមឡុង ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឫស្សីថ្មី ឃុំចំប៉ា  ស្រុកព្រៃកប្បាស (រងរបួសធ្ងន់) បញ្ជូនទៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

   សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាមូលហេតុមកពីម៉ូតូម៉ាកស្គូពី ពាក់ស្លាកលេខ ភ្នំពេញ ១IB-០៩៤៨ បើកបរក្នុងល្បឿនលឿនមិនគោរពច្បាប់ចរាចរណ៍។

  ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងនិងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ៕

ដោយ៖ ស សម


ចែករំលែក៖