ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ចង្រៃ​ពីរនាក់​ ដេីរលួច​បង្គោល​ដែករបាំង​លើផ្លូវ​ល្បឿនលឿន​ ត្រូវ​សមត្ថកិច្ច​ចាប់​យកមក​វាស់​កម្ពស់

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ យោងតាម​របាយការណ៍​របស់នគរបាល​ស្រុក​ភ្នំស្រួច​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២២នះ​ថា៖​ ​ជនសង្ស័យពីរ​នាក់ ខណៈ​នាំគ្នា​ដេីរលួច​ដែក​បង្គោលរបាំង​ផ្លូវ​ល្បឿន​លឿន ត្រង់ចំណុច ភូមិ​បន្ទាប់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ត្រូវ​កម្លាំង​នគរបាលឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទីល្ងាច​ថ្ងៃទី​៥ ខែឧសភាម្សិលមិញនេះ​។​ 

​របាយការណ៍ដដែល​ បានបន្តថា​ ជនសង្ស័យ២​នាក់​នោះរួមមាន៖​ទី១.​ឈ្មោះ សេង តឿន អាយុ​២៤​ឆ្នាំ និងទី​២.​ឈ្មោះ កួយ តិច​គៀ អាយុ​២២​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​បន្ទាប់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

​ប្រភពដដែលបន្តថា​ មុនពេលកើតហេតុ​ជនសង្ស័យ​ទាំង២នាក់នេះ​ បានធ្វើ​សកម្មភាព​លួច​ដកយកបង្គោល​ដែក របាំង​លើផ្លូវ​ល្បឿន​លឿនចំនួន ២៦ បង្គោល ត្រង់ចំណុច​ទីតាំង​ខាងលើ​ ភ្លាមនោះ​ក៏ជួបកម្លាំងល្បាតប្រទះឃេីញក៏ចាប់​ឃាត់ខ្លួនតែម្តង។ ​ចំណែក​វត្ថុ​តាងដកហូត​បានមាន​បង្គោល​ដែក​ចំនួន ២៦ បង្គោល និងម៉ូតូ​សណ្តោង​រ៉ឺម៉កមួយគ្រឿង​។​

​បច្ចុប្បន្នជនសង្ស័យ​រួមទាំង​វត្ថុ​តាង ត្រូវបាន​សមត្ថកិច្ចបញ្ជូនមក​ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿងចាត់ការតាម​ច្បាប់​​៕

ដោយ​៖សហការី​


ចែករំលែក៖