ព័ត៌មានទាន់ហេតុការណ៍៖

ពេលនេះនារីឆ្នើម ពាណិជ្ជករ ពេជ្រ ស្រី​មុំ ដែលចេញសែកអត់លុយជាង៧០មុឺនដុល្លារ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែឧសភាឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ត្រីពាណិជ្ជករម្នាក់ ដែលពាក់ព័ន្ធរឿងចេញសែកអត់លុយទៅតុលាការដើម្បីបន្តនីតិវិធី ដោយរថយន្តសមត្ថកិច្ចបានដឹកជនសង្ស័យចូលទៅក្នុងបរិវេណសាលាដំបូងតែម្តង ព្រោះខ្លាចកាមេរ៉ាអ្នកកាសែតតាមប្រមាញ់ ។ 

   ស្ត្រីជាជនសង្ស័យ​ឈ្មោះ ពេជ្រ ស្រី​មុំ អាយុ​៣៥​ឆ្នាំ មុខរបរ​ពាណិជ្ជករ ស្នាក់​នៅផ្ទះ​លេខ​២៥២ ផ្លូវ​ផ្លា​ទី​នឹម សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ជនសង្ស័យត្រូវបានកម្លាំង​សមត្ថកិច្ចការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់រាជធានី​ភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​អគារ Rise Commercial Building លេខ​៥ ផ្លូវ​លេខ​២៨២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យចូលខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​មិន​បំពេញ​កាតព្វកិច្ចចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ចេញ​សែកគ្មាន​ទឹកប្រាក់​) មានទឹកប្រាក់​ចំនួន ៧៧៦,០០០​ដុល្លារអាមេរិក តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ លឹ​ម ហ៊ួ​រ​នី​តូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ពាណិជ្ជករ ។ មកដល់ពេលនេះជនសង្ស័យ​កំពុង​ស្ថិតនៅដំណាក់កាលស្ថាប័នអយ្យការបើកការស៊ើបសួរ តែបើតាមប្រភពព័ត៌មានមិនទាន់ជាផ្លូវការបានបញ្ជាក់ថា ជនសង្ស័យមានប្រាក់សម្រាប់ដាក់តម្កល់ធានាខ្លួនបាននៅក្រៅឃុំហើយ ប៉ុន្តែមិនដឹងថាតុលាការសម្រេចយ៉ាងនៅឡើយទេ រង់ចាំតាមដានបន្តទៀត ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖