ព័ត៌មានទាន់ហេតុការណ៍៖

កម្រិតនៃភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈហាក់មានការថយចុះ ក្រោយសកម្មភាពចុះត្រួតពិនិត្យដូចភ្លៀងរលឹមរបស់មន្ត្រី ក.ប.ប.

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយកនូវរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ បន្តនិរន្តរភាពនៃកិច្ចការអ្នកប្រើប្រាស់វិស័យប្រេងឥន្ធនៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន  គោលបំណងធានាឱ្យបាននូវការរកស៊ីប្រកបដោយសុចរិតភាពនិងស្មោះត្រង់។ នេះបេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​០៦​ ខែឧសភា​​ ឆ្នាំ​២០២២។ 

ជាក់ស្តែងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ មន្ត្រីជំនាញបានចុះប្រតិបត្តិការត្រួតពិនិត្យតាមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈបានសរុបចំនួន ៤៧ទីតាំង។​

យោងតាមលទ្ធផលនៃការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ មន្ត្រីយើងបានពិនិត្យឃើញភាពមិនអនុលោមលើដេប៉ូចំនួន ១១ទីតាំង ដែលតាមរយៈការពន្យល់ពីទិដ្ឋភាពច្បាប់ ម្ចាស់ដេប៉ូទាំងនោះព្រមទទួលស្គាល់នូវកំហុស និងទទួលការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញ ដើម្បីកែប្រែនូវកំហុសឆ្គង។

ជាមួយគ្នានោះ​ អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ក៏បានបន្ថែមថា៖ដេប៉ូប្រេងឥន្ធនៈចំនួន ៩ទីតាំងផ្សេងទៀត​ ត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធីក្រោយរកឃើញថាមិនមានអនុលោមភាព។ ការចាត់វិធានការច្បាប់គឺធ្វើឡើងខណៈពេលដែលមន្រ្តីជំនាញ ក.ប.ប. ចុះត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ​ និងដេប៉ូស្ថិតក្នុងខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង ខេត្តកណ្ដាល និងរាជធានីភ្នំពេញនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់នូវអំពើមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ។

ជាក់ស្ដែង​តាមលទ្ធផលត្រួតពិនិត្យរបស់មន្រ្តីជំនាញ គឺបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៩ទីតាំងមិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ​ និងដេប៉ូចំនួន ៣១ទីតាំងដែលបានត្រួតពិនិត្យសរុប៕

ដោយ​៖សហការី​


ចែករំលែក៖