ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី០៦ ខែឧសភា ឆ្នាំ២០២២នេះថា៖ ដោយមានការគាំទ្រដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ សាខា ក.ប.ប. ខេត្តបាត់ដំបង ខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញគ្រប់ប្រភេទ នៅតាមម៉ាត ផ្សារទំនើប និងកន្លែងលក់ទំនិញនានា ដើម្បីស្វែងរកនូវទំនិញដែលមិនមានប្រក្រតីភាពដាក់តាំងលក់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋពេលជាវយកទៅបរិភោគឬប្រើប្រាស់។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ បានយកគំរូសំណាកទំនិញហូបចុកចំនួន ១៣គំរូ មកធ្វើការវិភាគស្វែងរកសារធាតុគីមីហាមឃាត់នានា ដែលជាលទ្ធផលពុំមានភាពមិនប្រក្រតីណាមួយនោះទេ។ យ៉ាងណាមិញមន្ត្រីជំនាញ បានរកឃើញ និងដកហូតទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១០២.៨គក និងអាល់កុលលាយសារធាតុមេតាណុលចំនួន ៣លីត្រ។ ទំនិញទាំងនោះត្រូវបានរក្សាទុកនៅទីស្នាក់ការរបស់សាខា ដើម្បីចាត់វិធានការនាពេលសមស្រប។
សូមជម្រាបថា មន្រ្តីជំនាញ ក.ប.ប. នាថ្ងៃទី៥ ខែឧសភាម្សិលមិញនេះ បានបន្តរកឃើញ និងដកហូតនូវទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព គឺខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ក៏ដូចជាផ្ទុកនូវសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទូទៅចំនួន ១២៣គីឡូក្រាម និងព្រមទាំងធ្វើការពិន័យដល់ម្ចាស់ទំនិញទៅតាមនីតិវិធីផងដែរ។
គួរបញ្ជាក់ថា ការរកឃើញ និងកដហូតបាននូវទំនិញមិនមានអនុលោមភាពនេះ គឺធ្វើឡើងក្នុង ខេត្តចំនួន ២ គឺខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ៕
ដោយ៖សហការី