ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង ១០៖០០នាទីព្រឹក ផ្អាកចរាចរណ៍ជាបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលគល់ស្ថានគីហ្សូណា ដល់រង្វង់មូល ឃុំអូរស្វាយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលគល់ស្ថានគីហ្សូណា ដល់រង្វង់មូល ឃុំអូរស្វាយ ស្រុកកំពង់សៀម នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង ១០៖០០នាទីព្រឹក។ 

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋសាធារណជន និងបងប្អូន ម្ចាស់យានយន្តគ្រប់ប្រភេទ និងក្រុមហ៊ុនដឹកជញ្ជូនឱ្យបានជ្រាបថា៖ ដើម្បីសម្រួលដល់ក្បួនដង្ហែសពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ ចាម ពីគេហដ្ឋានសព ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទៅបញ្ចុះនៅវត្តស៊ីវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នឹងមានវត្តមាន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  រួមនិងឥស្សរជនជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដង្ហែសពពីគេហដ្ឋានសព ឆ្ពោះទៅវត្តសុវណ្ណគីរី រតនៈភ្នំប្រុស ចេញពីគេហដ្ឋានកាត់តាមផ្លូវព្រះមុនីវង្ស កាត់តាមគល់ស្ពានគីហ្សូណា ឆ្ពោះទៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស តាមបណ្តោយផ្លូវជាតិលេខ៧។

ដើម្បីបញ្ចៀសបាននូវការកកស្ទះ ក៏ដូចជាបង្កការរំខានណាមួយដល់ក្បួនដង្ហែ រដ្ឋបាលខេត្តកំពង់ចាម 

– សូមផ្អាកចរាចរណ៍ជាបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលគល់ស្ពានគីហ្សូណា ដល់ រង្វង់មូលត្រើង ឃុំអូរស្វាយ ស្រុកកំពង់សៀម ចាប់ពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង ១០៖០០នាទីព្រឹក។

ចំពោះបងប្អូនប្រជាពលរដ្ឋ សាធារណជន និងបងប្អូនម្ចាស់យានយន្តគ្រប់ប្រភេទ ដែលនឹងធ្វើ ដំណើរចូលមកក្រុងកំពង់ចាម តាមផ្លូវជាតិលេខ៧ ឬផ្លូវជាតិ៧១ ត្រូវវាងតាមផ្លូវលេខ៧ តាមផ្សារព្រៃទទឹង និង ផ្លូវខេត្តលេខ២៧០ ឆ្លងកាត់តាមពាមជីកង ស្រុកកងមាស។ សម្រាប់បងប្អូនដែលធ្វើដំណើរពីខេត្តត្បូងឃ្មុំ ឆ្ពោះ ទៅចូលមកកាន់ក្រុងកំពង់ចាម ឬទៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប ត្រូវឆ្លងតាមផ្លូវបេតុង ឃុំ ជីរោទិ៍ ស្រុកត្បូងឃ្មុំ ឆ្ពោះទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ កាត់តាមស្រុកចំការលើ ឬត្រូវបង្វែរទិសដៅទៅតាមផ្លូវជាតិ លេខ១១ ឆ្ពោះទៅផ្លូវជាតិលេខ ៨វិញ (ដូចក្នុងផែនទីជូនភ្ជាប់)។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់ និងបងប្អូនធ្វើដំណើរឆ្លងកាត់តំបន់ដូច បានជម្រាបជូនខាងលើ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ សម្រាប់ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន នៅចំណុចខាងលើនេះ៕

ដោយ ៖ សិលា


ចែករំលែក៖