Santi Mina ជាខ្សែប្រយុទ្ធមកពីក្លិប Celta Vigo របស់អេស្ប៉ាញត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភបំពានផ្លូវភេទ។ Mina មានវ័យ២៦ឆ្នាំនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ។
ចំណែកកីឡាករ David Goldar ដែលលេងឱ្យក្លិបលំដាប់ទីពីររបស់អេស្ប៉ាញ Ibiza ត្រូវបានគេរកឃើញថាមិនមានទោសបន្ទាប់ពីត្រូវបានចោទប្រកាន់ថាជាអ្នកសមគំនិតជាមួយកីឡាករខាងលើ។
Mina ត្រូវបានគេចោទប្រកាន់ថា បានចាប់រំលោភនារីម្នាក់ក្នុងរថយន្តកាលពីអំឡុងឆ្នាំ២០១៧ ដែលនាងបានទៅជាមួយកីឡាករ Goldar។ មេធាវីរបស់នាងបាននិយាយថា Goldar មិនបានធ្វើអ្វីដើម្បីបញ្ឈប់ Mina ពីសកម្មភាពការចាប់រំលោភនាងនោះទេ។ Mina និង Goldar បាននិយាយថា ស្ត្រីនោះបានយល់ព្រមចំពោះទំនាក់ទំនងផ្លូវភេទរបស់ពួកគេដោយមិនមានការបង្ខិតបង្ខំឡើយ។
ក្លិប Celta Vigo បានដក Mina ចេញពីក្រុម ខណៈដែលដំណើរការបណ្តឹងឧទ្ធរណ៍កំពុងបន្ត ហើយថែមទាំងបានបើកដំណើរការនីតិវិធីប្រឆាំងនឹងអតីតកីឡាករជម្រើសជាតិអេស្ប៉ាញអាយុក្រោម២១ឆ្នាំរូបនេះផងដែរ។សេចក្តីសម្រេចរបស់តុលាការជាន់ទាបអាចប្តឹងតវ៉ានៅតុលាការកំពូលរបស់ប្រទេសអេស្ប៉ាញបាន។ ព្រះរាជអាជ្ញារដ្ឋបានស្នើសុំឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំសម្រាប់ Mina ខណៈដែលមេធាវីរបស់ជនរងគ្រោះកំពុងស្វែងរករយៈពេល៩ឆ្នាំកន្លះ។
គួររំលឹកថា Mina ក៏ធ្លាប់ត្រូវបានចោទប្រកាន់ពីការឈ្លានពានផ្លូវភេទដែលគាត់កំពុងប្រឈមមុខផងដែរ ដែលមានពាក់ព័ន្ធនឹងការបំភិតបំភ័យ ឬអំពើហិង្សាលើជនរងគ្រោះកាលពីខ្សែប្រយុទ្ធរូបនេះកំពុងលេងឱ្យក្លិបValencia នៅពេលនោះ ប៉ុន្តែបានត្រឡប់ទៅកាន់ក្លិប Celta Vigo វិញក្នុងឆ្នាំ២០១៩។
Mina បានបង្ហាញខ្លួនច្រើនជាង១៥០ប្រកួតសម្រាប់ក្រុមCelta Vigo ហើយស៊ុតបាន១១គ្រាប់ក្នុង៤០ប្រកួតនៅរដូវកាលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)