ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អ្នកតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា នៅភូមិគ្រឹះសព នាទីរួមខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យមើលកន្លែងកសាងចេតិយ៍នៅភ្នំប្រុសភ្នំស្រីសម្រាប់បញ្ចុះសពឯកឧត្តម ហ៊ុន ណេង ដែលបានទទួលមរណ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦នឹង២៥នាទីល្ងាច ដោយជំងឺគាំងបេះដូង ។
ក្បួនដង្ហែសពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ ចាម ពីគេហដ្ឋានសព ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទៅបញ្ចុះនៅវត្តស៊ីវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នឹងមានវត្តមាន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនិងឥស្សរជនជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដង្ហែសពពីគេហដ្ឋានសព ឆ្ពោះទៅវត្តសុវណ្ណគីរី រតនៈភ្នំប្រុស ចេញពីគេហដ្ឋានកាត់តាមផ្លូវព្រះមុនីវង្ស កាត់តាមគល់ស្ពានគីហ្សូណា ឆ្ពោះទៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស តាមបណ្តោយផ្លូវជាតិលេខ៧។
សូមរម្លឹកថា, ឯកឧត្តម ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសេង កើតនៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៩៥០ នៅភូមិពាមក ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមាន ឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក ។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុង នោះ ស្រី ៣ នាក់។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ លាង វួចឆេង នៅឆ្នាំ ១៩៧១ និងមានបុត្រាបុត្រីចំនួន ៦ នាក់ ក្នុងនោះស្រី ៣នាក់ ៕
ដោយ៖សុខ ខេមរា