ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ​ប្រជាពលរដ្ឋប្រមាណ​ជិត ២០ខ្នង​ នៅសង្កាត់​ច្រាំង​ចំរេះ​ទី​១ ត្រូវ​អគ្គិភ័យ​លេបត្របាក់គ្មានសល់ទាំងកណ្ដាលយប់

ចែករំលែក៖

​   ភ្នំពេញ៖​ អគ្គិភ័យ​បានលេបត្របាក់ផ្ទះ​ជិត ២០ខ្នង ឆេះ​ខ្ទេច​ទាំងស្រុង នៅតាម​បណ្ដោយផ្លូវជាតិ​លេខ​៥ ខាងកើត​យ៉ឿ​ត្រី គីឡូម៉ែត្រ​លេខ​៩ ប្រមាណ ៧០ម៉ែត្រ ស្ថិតក្នុង​ក្រុម​៤ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​ កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី យប់​ថ្ងៃ​សុក្រ ទី​៦ ខែឧសភា ឆ្នាំ​២០២២​​ បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​​សមត្ថកិច្ចចេញ​ជួយ​អន្តរាគមន៍​ភ្លាមៗ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹងថា​ មុនពេល​កើតហេតុ គេ​ឃើញ​ផ្ទះមួយ​ខ្នងដែល​នៅ​កណ្ដាល​គេ មាន​អគ្គិភ័យ ឆាបឆេះ ដោយ​ម្ចាស់ផ្ទះបាន​ប្រាប់ថា បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។ ភ្លាមៗ​នោះបង្កឱ្យមាន ការភ្ញាក់ផ្អើល​ពេញ​ភូមិ ហើយ​ប្រជាពលរដ្ឋ បាននាំគ្នា​ដងទឹក យកទៅជួយ​ពន្លត់ តែដោយសារ តែ​ស្ថានភាព នៃ​អគ្គិភ័យ មាន​ទំហំ​ធំ​ពេក មិនអាច​គ្រប់គ្រង​បាន ទើប​បណ្ដាល ឲ្យ​ឆេះ​រាលដាល ឆ្លង​ដល់ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅក្បែរ​ខាង ជាច្រើន​ខ្នង​ទៀត បង្ក​ជា​អណ្ដាតភ្លើង ឆេះ​យ៉ាង សន្ធោសន្ធៅ រហូត​គ្រប់គ្រង​លែង​បាន នាំគ្នា​ប្រមូលយក​ទ្រព្យសម្បត្តិដែលមាន​តម្លៃរត់​ចេញពីផ្ទះ​។

​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​កម្លាំង​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ បានចេញ​រថយន្ត​ជាច្រើន​គ្រឿង មកជួយ​អន្តរាគមន៍ បាញ់​ពន្លត់​ទប់ស្កាត់​។ ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ប្រើប្រាស់រថយន្ត​ជាច្រើន​គ្រឿង និង​ប្រើ​រយៈពេល​អស់​ជាង ១ម៉ោង ទើប​គ្រប់គ្រង​ស្ថានការណ៍ នៃ​អគ្គិភ័យ​នេះ​បាន​។

យោងតាម​របាយការណ៍​របស់​នគរបាល​ស្នងការនគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ ប្រភេទសំណង់ថ្មក្រោមឈើលើ ,ខូចខាតសម្ភារ ឆេះផ្ទះថ្មក្រោមឈើលើចំនួន ១៨ ខ្នង។​ មូលហេតុ កំពុង​បន្ត​ការ​ស្រាវជ្រាវ​។ ស្លាប់​មនុស្ស​គ្មាន​ ,របួស​មនុស្ស​គ្មាន ។

កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ចំនួន ២១​ គ្រឿង ប្រេីប្រាស់ទឹកអស់​ចំនួន​ ៤២​ រថយន្ត​ ស្មើរនឹង ១៦៨​ ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍៖

-​ រថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ០៨​ ម៉ែត្រគូប ។

-​ រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វា ចំនួន ០៧ គ្រឿង​ ប្រើប្រាស់អស់ចំនួន ០៧​ រថយន្ត​ ស្មើរនឹង ២៨​ ម៉ែត្រគូប ។

-​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកចំនួន ០១​ រថយន្ត​ ស្មើនឹង ០៤​ ម៉ែត្រគូប ។

​-​ ពន្លត់ចប់​ :​ នៅវេលាម៉ោង​ ០១:០០​ នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៧ ខែឆ្នាំដដែល​៕

ដោយ​៖អារុណ​រះ


ចែករំលែក៖