ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ដែលហៅកាត់ថា G7 គឺជាក្រុមប្រទេសដែលគាំទ្រអ៊ុយក្រែននៅក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ។ ប្រទេសទាំង៧ចង់បង្ហាញពីការគាំទ្រដល់ប្រធានាធិបតីអ៊ុយក្រែន ក្នុងសង្គ្រាមការពារទឹកដី។
ក្រុមមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ក្នុងនោះរួមមានទាំងលោក ចូ បៃឌិន ផងដែរ នឹងបើកកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ជាមួយប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ដើម្បីបង្ហាញពីការសាមគ្គីភាព គឺមួយថ្ងៃមុនពេលរុស្ស៉ីប្រារព្ធខួបនៃទិវាជ័យជម្នះរបស់ខ្លួន។
យោងតាមសេតវិមានបានបញ្ជាក់ឱ្យដឹងថា កិច្ចពិភាក្សាខាងលើនឹងផ្តោតសំខាន់ចំពោះការវិវឌ្ឍស្ថានការណ៍ចុងក្រោយនៃសង្រ្គាមនៅអ៊ុយក្រែន,កិច្ចប្រឹងប្រែងដើម្បីជួយអ៊ុយក្រែន និងមធ្យោបាយដើម្បីបង្ហាញពីសាមគ្គីភាពរបស់ G7 ក្នុងការឆ្លើយតបចំពោះរុស្ស៉ី។ ជំនួបតាមប្រព័ន្ធអនឡាញរវាងមេដឹកនាំ G7 ដែលរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន កាណាដា និងអ៉ីតាលី ជាមួយលោក ហ្សេលេនស្គី នឹងប្រព្រឹត្តទៅ នៅវេលាព្រឹកថ្ងៃអាទិត្យ ម៉ោងនៅទីក្រុងវ៉ាស៉ីនតោន។
ពេលវេលានៃការរៀបចំជំនួបខាងលើ អាចចាត់ទុកថាមានអត្ថន័យសំខាន់ ដោយសារវានឹងកើតឡើងតែ១ថ្ងៃប៉ុណ្ណោះ មុនរុស្ស៉ីប្រារព្ធទិវាជ័យជម្នះសម័យសង្រ្គាមលោកលើកទីពីរ «៩ ឧសភា»។ នាឱកាសនោះ លោក ពូទីន ត្រូវគេរំពឹងថា អាចនឹងធ្វើសេចក្តីប្រកាសពិសេសមួយពាក់ព័ន្ធនឹងស្ថានការណ៍អ៊ុយក្រែន៕
ដោយ៖ ធីរីណា(រូបថត ៖ AFP/TTXVN)