ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះថា៖ ហុឺ! ឃេីញទេសភាពវាលស្រែនៅកម្ពុជា និងមេីលឃេីញពិភពលោកជួបវិបត្តិអត់ឃ្លានកាន់តែខ្លាំងក្លាជាងមុនដោយសារសង្គ្រាមប្រដាប់អាវុធ សង្គ្រាមសេដ្ឋកិច្ច និងការប្រែប្រួលបរិស្ថាន ព្រមទាំងការឡេីងថ្លៃស្បៀងអាហារ។
អគ្គនាយកស៊ីម៉ាក់ បានថ្លែងបន្តថា តាមព័ត៌មានអន្តរជាតិនានាថា មានប្រជាជនជាង១.៧ពាន់លាននាក់ ជួបភាពអត់ឃ្លានក្នុងឆ្នាំ២០២២ ឬ២០២៣ខាងមុខនេះ។ កម្ពុជាធ្លាប់ឆ្លងកាត់អត់ឃ្លានអាហារដោយសារសង្គ្រាមនិងការបង្អត់អាហារក្នុងរបបខែ្មរក្រហម គឺយល់ច្បាស់ណាស់ពីទុក្ខវេទនានេះ។
គួររម្លឹកថា លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ លោកធ្លាប់លេីកឡេីងថា៖ ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៧ (G7) ប្រកាសថាពិភពលោកនឹងជួបវិបត្តិសន្តិសុខស្បៀងធ្ងន់ធ្ងរដោយសារសង្គ្រាមរុស្សុី-អ៊ុយក្រែន។
អគ្គនាយកស៊ីម៉ាក់រូបនេះ បានថ្លែងបន្តថា ប្រទេសរុស្សុីនិងអ៊ុយក្រែន ជាប្រទេសផលិតស្រូវសាឡីនិងផ្កាឈូករ័ត្ន (៥៣%) ដែលជាអ្នកនាំចេញធំបំផុតក្នុងលោកសំរាប់ផ្គត់ផ្គង់តំរូវការទីផ្សារ។
បេីប្រទេសអ៊ុយក្រែនមានសង្គ្រាមពេញផ្ទៃប្រទេសទៅហេីយ ដាំដំណាំកសិកម្មស្អីទៀតបាន! រំលឹកឡេីងវិញពីសង្គ្រាមនៅវៀតណាម-កម្ពុជា-ឡាវ នៅទសវត្សរ៍៦០និង៧០ យុទ្ធសាស្ត្រដេីម្បីផ្តាច់ស្បៀងសម្លាប់សត្រូវរបស់ខ្លួនគឺគេប្រេីអាវុធគីមីមួយផ្នែកដេីម្បីបំផ្លាញដំណាំកសិកម្មទាំងឡាយចោលតែម្តង! ។
លោក ហេង រតនា បន្ថែមទៀតថា និយាយពីសង្គ្រាមគឺថាមានតែបំផ្លាញ! បំផ្លាញ! បំផ្លាញ! សម្លាប់! សម្លាប់! សម្លាប់! ៗ! ។
អរគុណសន្តិភាព និងត្រូវតែការពារសន្តិភាពដែលរកបានយ៉ាងលំបាកបំផុតសំរាប់កម្ពុជា!!
បន្ថែមពីនេះ អគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា៖ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មរបស់យេីងប្រហែលមានឱកាសអាចជួយរកទីផ្សារជួយកសិករបានដែរដោយសារផលិតផលកសិកម្មកម្ពុជាកំពុងខ្វះទីផ្សារផង និងជួយប្រទេសរងគ្រោះអត់ឃ្លានផងដែរ! ។ ប្រទេសអ្នកមានក៏ត្រៀមបញ្ចេញលុយទិញស្បៀងជួយប្រទេសរងគ្រោះផងដែរ៕
ដោយ៖ស តារា