ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបន្តបាញ់សាកល្បង កាំជ្រួចមីស៊ីល ធ្វើឱ្យកូរ៉េខាងត្បូង កោះប្រជុំជាបន្ទាន់

ចែករំលែក៖

កូរ៉េខាងជើងបានបន្តបាញ់មីស៊ីលជាលើកទីពីរហើយក្នុងរយៈពេល ៣ថ្ងៃកន្លងមក ។ កាលពីថ្ងៃទី ៤ខែឧសភា កូរ៉េខាងជើងបានបាញ់មីស៊ីលលើកទី១៥របស់ខ្លួន ចាប់តាំងពីដើមឆ្នាំ២០២២មកទល់ពេលនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅព្រឹកថ្ងៃទី៧ខែឧសភា កម្លាំងទាហានកូរ៉េខាងត្បូងបានកោះប្រជុំជាបន្ទាន់ក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ។ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ការបាញ់សាកល្បងមី់សុីលរបស់កូរ៉េខាងជើងកើតឡើងក្នុងពេលប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក Yoon Suk-yeol ត្រូវធ្វើពិធីស្បថចូលកាន់តំណែងជាផ្លូវការហើយ។
យោងតាមយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលបាលីស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ ដែលត្រូវបានសន្និដ្ឋានថាជាមីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBM) ឆ្ពោះទៅកាន់ផ្ទៃសមុទ្រនៅក្បែរឆ្នេរភាគខាងកើតរបស់ខ្លួន កាលពីវេលាម៉ោងប្រមាណជា២រសៀល (ម៉ោងនៅទីក្រុងសេអ៊ូល) ដោយចេញពីម្តុំទីក្រុងស៉ីនប៉ូ (Sinpo) ជាទីដែលកូរ៉េខាងជើងរក្សាទុកនាវាមុជទឹក ហើយនិងបរិក្ខារសម្រាប់បាញ់សាកល្បងមីស៉ីលបាលីស្ទិគប្រភេទ SLBM។
លោក Yoon នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី នៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ខណៈដែលកន្លងមកនេះ លោកបានប្តេជ្ញាថា នឹងប្រកាន់ជំហររឹងមាំប្រឆាំងកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងផ្ទាល់ក៏បានរិះគន់លោករួចទៅហើយផងដែរ ដោយថាលោកជាបុគ្គលគាំទ្រអាមេរិក និងប្រកាន់ជំហរស្វែងរកការប្រឈមមុខដាក់គ្នា៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP/TTXVN

រូប​ថត​ ៖ Yonhap


ចែករំលែក៖