ខេត្តពោធិ៍សាត់ ៖ កម្លាំងសហការរួមមាន ក្រុមការងារថ្នាក់ជាតិបង្រ្កាបបទល្មើសជលផលប្រចាំបឹងទន្លេសាប ដូចជា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប អនុគណៈកម្មការ និងក្រុមការងារបង្រ្កាបបទល្មើសជលផលខេត្តពោធិ៍សាត់ ដែលមានមន្រ្តីរដ្ឋបាលជលផល ខណ្ឌ ផ្នែកក្រគរ សង្កាត់កំពង់លួង អាវុធហត្ថខេត្ត ស្រុកក្រគរ អភិបាលរងស្រុកក្រគរ និងយោធាខេត្ត សរុបប្រមាណ២៧នាក់ ចុះបង្រ្កាបបទល្មើស ។
ករណីសមត្ថកិច្ចសហការបង្រ្កាបបទល្មើសនេះ ធ្វើឡើងនៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅលើផ្ទៃទឹកបឹងទន្លេសាប ចាប់ពីចំណុចកំពុងលួងដល់ជ្រោយស្ដី ស្ថិតនៅឃុំកំពង់លួង និងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ករណីសមត្ថកិច្ចសហការគ្នាបង្រ្កាបបទល្មើសនេសាទនេះ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងថា លទ្ធផលៈ កម្លាំងអនុវត្តដោយប្រើប្រាស់កាណូតជាមធ្យោបាយ អូសទាញបំផ្លាញ និងរុះរើសម្រាស់(មែកឈើ)ធ្វើឲ្យត្រីកុំចំនួន៥កន្លែង ។
លោក ភុំ វិមល នាយខណ្ឌបន្តទៀតថា ឬសគល់បទល្មើសនេសាទសម្រាស់(មែកឈើ)បានទាញចេញពីរង សម្រាស់នីមួយៗទំហំ១៥ម៉ែត្រ គុណនឹង១៥ម៉ែត្រ មានចំនួន២កន្លែង ទំហំ១០ម៉ែត្រ គុណនឹង១០ម៉ែត្រ មានចំនួន៣កន្លែង ។
មួយរយៈនេះ គេសង្កេតឃើញសមត្ថកិច្ចសហការគ្នា ធ្វើការបង្ក្រាបបទល្មើសនេសាទបានលទ្ធផលជាផ្លែជាផ្កា ដោយឡែកៈ អ្នកភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន ឯណោះវិញសំណូមពរសូមឲ្យសមត្ថកិច្ច ធ្វើការពិនិត្យ និងបង្ក្រាបផង សម្រាស់ក៏មាន អ្នកឆក់ក៏មាន ឯអ្នកទិញត្រីនៅក្នុងភូមិតែម្ដង ៕
ដោយ៖ ប៉ឹម ពិន