ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ដ្រាចារ្យ បុគ្គលិកអប់រំ គរុនិស្សិត និងនិស្សិត ចំនួន២,៧៥៦នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា, ថ្លែងក្នុងឱកាសនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមសប្បាយរីករាយជាមួយលោក លោកស្រី សាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិសិ្សត និងនិស្សិតទាំងអស់ ដែលកំពុង ពាក់អាវគណបក្សដ៏ស្រស់ស្អាត និងឯកភាពគ្នា ដែលជានិមិត្តរូប នៃការចូលមករួមរស់ក្នុងជីវភាពជាមួយមហាគ្រួសារ នៃគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានអះអាងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានការអភិវឌ្ឍ រីកចម្រើនរឹងមាំឥតឈប់ឈរ ដោយមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ និងមានគោលនយោបាយមុតស្រួច ជាមួយនឹងភាពបត់បែន សំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវបុព្វហេតុតែមួយគត់ និងឥតងាករេពីមួយជំនាន់ទៅមួយជំនាន់ គឺការបម្រើផលប្រយោជន៍ប្រជាជន និងអភិឌ្ឍប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា បានផ្តល់នូវភាពកក់ក្តៅជូនសមាជិក សមាជិកា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការរក្សានូវគុណតម្លៃកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាអ្នកដែលប្រជាពលរដ្ឋស្រលាញ់ និងជឿជាក់ ចំពោះឆន្ទៈ និងសកម្មភាព ដូចដែលបានអនុវត្តកន្លងមក ក្នុងនាមជាស្ថាបនិក នៃសន្តិភាព អ្នកការពារស្ថិរភាព អគ្គមគ្គទេសក៍ នៃការអភិវឌ្ឍ ដែលស្ថិតនៅជាប់នឹងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកបញ្ជាក់ថា គណបក្សកំពុងបន្តជំរុញការអភិវឌ្ឍ និងទំនើបកម្មសមត្ថភាពរបស់ខ្លួនឲ្យបានធំធេង លើមូលដ្ឋាន នៃចំណេះដឹង និងបទពិសោធន៍ ដែលមានជាង៧០ឆ្នាំកន្លងមកនេះ ដើម្បីធានាក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។ លើសពីនេះគណបក្សប្តេជ្ញាដាច់ខាតបន្តថែរក្សាសន្តិភាព ស្ថិរភាព និងផ្តល់ឱកាស បង្កលក្ខណៈឲ្យគ្រប់គ្នាបានទទួលផល និងក្តីសង្ឃឹមទាំងពេលបច្ចុប្បន្ន និងអនាគត សម្រាប់ប្រយោជន៍ខ្លួនឯង សង្គមគ្រួសារ និងសង្គមជាតិ។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំ ដែលមានសមត្ថភាពលើសលប់ក្នុងការកាន់ចង្កូតដឹកនាំប្រទេសទាំង ក្នុងកាលៈទេសៈ សង្គ្រាម និងសន្តិភាព ប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានទឹកចិត្តចំហរទូលំទូលាយក្នុងការទទួលនូវមតិយោបល់ ពីគ្រប់មជ្ឈដ្ឋានប្រយោជន៍ ក្នុងការសិក្សា ស្រាវជ្រាវ និងពិចារណាល្អិតល្អន់ប្រកបដោយហេតុផល។
មួយវិញទៀត សម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាង សម្រាប់សកម្មភាពយុវជន សិស្ស-និស្សិតក្នុងការងារសង្គម និងនយោបាយ សំដៅរួមចំណែក ក្នុងការដុសខាត់កម្លាំងបន្តវេនឲ្យមានភាពមុតស្រួច ស័ក្តិសមជាសសរទ្រូង និងអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ។
ដោយឡែក លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្អូនប្រុស លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងថា, «គណបក្សប្រជាជន បម្រើប្រជាជនដោយស្មោះស្ម័គ្រ»។
លោកថ្លែងថា, យើងប្រឹងប្រែងណាស់ដើម្បីការពារអាយុជីវិតប្រជាជន ជាពិសេសពេលយើងកំពុងឆ្លងកាត់ការលំបាកនៃការរីករាលដាលជំងឺកូវីដ១៩ ហើយយើងបានមើលឃើញសកម្មភាពនៃការអនុវត្តការងារជាក់ស្តែងទាំងអស់គ្នា។
ប្រសិនបើយើងគិតពីការចាក់វ៉ាក់សាំងកូវីដ១៩ មិនថាវ៉ាក់សាំងណានោះទេ សំខាន់យើងមានវ៉ាក់សាំងចាក់ជូនប្រជាជន។ ទោះបីជាកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជាង ៩២ភាគរយហើយក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តបញ្ជាទិញវ៉ាក់សាំងបន្ថែមដើម្បីចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។
បន្ថែមលើសពីនេះទៅទៀតនោះ ប្រសិនបើយើងត្រឡប់ទៅមើលវិធានការណ៍នានារបស់រាជរដ្ឋាភិបាល រួមទាំងការបិទខ្ទប់នានា យើងប្រាកដជាយល់អំពីចេតនារបស់ថ្នាក់ដឹកនាំ ដែលចង់ឲ្យប្រជាជនបានសុខ ឬបានចាកផុតពីការឆ្លងមេរោគទាំងអស់នោះ ព្រមទាំងធ្វើយ៉ាងណារក្សាលំនឹងសេដ្ឋកិច្ច និងស្ថិរភាពសង្គម។ ទន្ទឹមនឹងពេលដែលប្រជាជនបាននៅក្នុងផ្ទះដើម្បីឲ្យបានជៀសពីមេរោគ តែមន្រ្តី កងកម្លាំង និងអាជ្ញាធរមិនត្រឹមតែមិនបានសម្រាកនៅផ្ទះនោះទេ តែពួកគាត់ខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ដើម្បីអនុវត្តការងារ ថែមទាំងត្រូវប្រឈមមុខខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ទៀតផង។ ចេញពីវិធានការណ៍ទាំងអស់នោះហើយ ទើបយើងមានលទ្ធភាពបើកប្រទេសមកស្ថានភាពធម្មតាវិញ ជាពិសេសបងប្អូនបានសប្បាយរីករាយក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងការជួបជុំនានា ក្នុងពេលដែលប្រទេសមួយចំនួនកំពុងតែជួបប្រទះអត្រាឆ្លងខ្ពស់នៃការរាតត្បាតនៅឡើយ។
លោកថា, តើមានគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលបានធ្វើសកម្មភាពការងារដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់ប្រជាជនយើង? ឬពួកគេមានតែបង្កចលាចលទៅវិញទេ? សូមបញ្ជាក់ថា, ការថ្លែងបែបនេះ ខណៈកន្លងទៅលោកអញ្ជើញក្នុងកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
ដោយ ៖ សិលា