ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការ ដោយចិត្តក្រៀមក្រំ រកទីបំផុតគ្មាន រម្លឹកពីគុណបំណាច់របស់បងប្រុស ទោះទទួលមរណភាព បែកគ្នាគ្មានថ្ងៃត្រឡប់ ក៏សម្តេចចាត់ទុកថា, បងប្រុស លោក ហ៊ុន ណេង បានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច ។ 

សម្តេចតេជោ ហ៊ុនសែន បានបង្ហោះថា, បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច។

សម្តេចថ្លែងបញ្ជាក់ថា, មុននេះបន្តិចព្រះមហាក្សត្រជាទីគោរពសក្ដារៈរបស់យើងបានប្រោសប្រទាននូវគោរមងារសម្រាប់បងគឺជា (សម្តេចឧត្តមទេពញាណ ហ៊ុន ណេង)។

សម្តេចតេជោ ហ៊ុនសែន បានរម្លឹកពីគុណសម្បត្តិបងប្រុសថា, តើបងនៅចាំទេគឺក្បែរកន្លែងតំកល់សពបងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើ បាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែងថ្វាយសម្តេចឪយើងវិញកាលពីថ្ងៃ២៣ មីនា ១៩៧០ដែលពេលនោះបងអាយុ២០ឆ្នាំ ឯខ្ញុំអាយុ១៨ឆ្នាំ។

សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា, ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួនយើងតែងមានការស្មោះត្រង់ចំពោះ ព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្កនិងរបបរាជានិយម។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, ប្អូនជឿជាក់ថាកូនចៅយើងទាំងអស់នឹងដើរតាមផ្លូវដែលយើងបានដើរកន្លងមកដោយធានាដល់កិច្ចការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្កដោយការស្មោះត្រង់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖