ព័ត៌មានទាន់ហេតុការណ៍៖

ភរិយាសម្តេច ហ៊ុន ណេង ថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ដែលសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទានគោរមងារដល់ស្វាមីលោកជំទាវ ជា «សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង»

ចែករំលែក៖

ភ្នំពេញ៖ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាបឋមខ្ញុំម្ចាស់ រួមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណប្រកបដោយកតញ្ញូ កតវេទិតាធម៌ និងក្តីសោមនស្សរីករាយជាអនេកប្បការចំពោះព្រះករុណាជាអម្ចាស់ ដែលព្រះអង្គសព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទានគោរមងារដល់ស្វាមីខ្ញុំម្ចាស់ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម ជា “ សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង “ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២២/៤៧៨ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នេះ ។ គោរមងារ ” សម្តេច ឧត្ដមទេពញាណ ហ៊ុន ណេង “ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានជូននាឱកាសនេះ ពិតជាស័ក្តិសម និង គុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេច ឧត្ដមទេពញាណ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបម្រើ ឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបំណងសុខសន្តិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្តជានិច្ចនិរន្តរ៍តរៀងទៅ ។

ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ រួមទាំងក្រុមគ្រួសារ សូមព្រះបរមរាជវរោកាសលំឱនកាយថ្វាយព្រះសព្ទសាធុការពរមហាប្រសើរសូម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ ទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំម្ចាស់ រួមទាំងក្រុមគ្រួសារ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖