ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនក្រុមក្មេងស្ទាវ៧៣នាក់ ម៉ូតូ២៨គ្រឿង និងដកហូតបានកាំបិតបុ័ងតោ ដាវ ចម្ពាមកៅស៊ូជាច្រើន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានចុះប្រតិបត្តិការបង្ក្រាបក្រុមក្មេងស្ទាវបាន៧៣នាក់ ក្នុងនោះមានស្រី២នាក់ ដកហូតបានម៉ូតូ២៨គ្រឿង និងកាំបិតបុ័ងតោ ដាវ ចម្ពាមកៅស៊ូជាច្រើន កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវលេខ១៩៦៦ កែងនឹងផ្លូវលេខ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

      ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដឹកនាំដោយលោក គួច សុភាព និងលោក វ៉ាន់ សារ៉េត អធិការរងខណ្ឌសែនសុខ ទទួលបន្ទុកផែនព្រហ្មទណ្ឌ និងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបានចុះបង្ក្រាបជាក់ស្ដែងនិងឃាត់ខ្លួនក្មេងស្ទាវបានចំនួន៧៣នាក់ក្នុងនោះមានស្រី២នាក់ ដកហូតបានម៉ូតូ២៨ គ្រឿងនិងអាវុធផ្សេងៗទៀតជាច្រើន ខណៈដែលក្មេងស្ទាវទាំងអស់នេះកំពុងប្រមូលផ្ដុំគ្នា។

     សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ក្រោយពីឃាត់ខ្លួនក្មេងស្ទាវទាំងនោះបានភ្លាម សមត្ថកិច្ចក៏បានធ្វើការរុករកនៅក្នុងព្រៃស្ថិតក្នុងដីឡូត៍មួយកន្លែងក៏បានប្រទះឃើញកាំបិតបុ័ងតោ ដាវនិងចម្ពាមកៅស៊ូជាច្រើនត្រូវបានកម្លាំងសមត្ថកិច្ចដកហូតទុកជាវត្ថុតាង។

    សមត្ថកិច្ចបានបន្តទៀតថា មុននឹងចុះបង្ក្រាបក្មេងស្ទាវខាងលើនេះកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីចុះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញក្មេងស្ទាវខាងលើកំពុងតែប្រមូលផ្ដុំគ្នា ហើយដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនភ្លាមៗតែម្តង។

    បច្ចុប្បន្ន ក្មេងស្ទាវទាំង៧៣នាក់ ម៉ូតូ២៨គ្រឿង រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសួរនាំនិងស្រាវជ្រាវបន្ត៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖