ក្រុមភ្ញៀវបិសាចក្រហម Manchester United បានរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Brighton នៅឯកីឡដ្ឋាន Amex ដែលជាលទ្ធផលបញ្ជាក់ថា United នឹងមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយនោះទេ។
ការប្រកួតតង់ទី១ កីឡាករអន្តរជាតិអេក្វាឌ័រ Moises Caicedo របស់ក្រុមម្ចាស់ផ្ទះបាននាំមុខ១គ្រាប់ ដែលជាគ្រាប់បាល់ដំបូងរបស់គាត់ក្នុងក្របខ័ណ្ឌ Premier League ក្នុងការប្រកួតទី៦របស់គាត់ជាមួយនឹងការស៊ុតបាល់បញ្ចូលទីនៅនាទីទី១៥ បន្ទាប់ពីកីឡាករ Alex Telles របស់ Man Utd បរាជ័យក្នុងការដណ្តើមបាល់។
ដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវបានគ្រប់គ្រងបាល់បានច្រើនជាងក្រុមម្ចាស់ផ្ទះ ប៉ុន្តែនៅតែមិនអាចមានឱកាសរកបានគ្រាប់បាល់តាមស្មើ ផ្ទុយទៅវិញក្រុមម្ចាស់ផ្ទះបានបន្ថែម៣គ្រាប់ទៀត ដោយនៅនាទីទី៤៩ កីឡាករ Marc Cucurella រកបាន១គ្រាប់, នាទីទី៥៧ កីឡាករ Pascal Gross រកបាន១គ្រាប់ទៀត និងនៅនាទីទី៦០ កីឡាករ Leandro Trossard រកបាន១គ្រាប់បន្ថែមទៀតដែលជាគ្រាប់ទី៤ ហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត។
នេះគឺការបរាជ័យនៃការប្រកួតចុងក្រោយរបស់លោក Ralf Rangnickដែលជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមបិសាចក្រហម Man United មុនពេលគាត់ត្រូវបានជំនួសដោយ Erik ten Hag។ ការបរាជ័យនេះគឺជាការចាញ់ក្រៅដីជាលើកទី៥ជាប់ៗគ្នារបស់ Man Utd ហើយបានធានាថាពួកគេមិនអាចបញ្ចប់បានក្នុងចំណាត់ថ្នាក់ Top 4 ក្នុងក្របខ័ណ្ឌ Premier League បានទេ ដោយមានតែក្រុមកំពូលទាំង៤ប៉ុណ្ណោះដែលមានកៅអីលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។
វានឹងក្លាយជាលើកទី៥ក្នុងរយៈពេល៣០ឆ្នាំដែលក្រុមបិសាចក្រហមនឹងមិនលេងក្នុងការប្រកួតដ៏សំខាន់របស់អឺរ៉ុប ហើយក្រុមនេះអាចខកខានការប្រកួត Europa League ហើយធ្លាក់ទៅលេងនៅក្របខ័ណ្ឌ Europa Conference League ដែលជាលីគកម្រិតទី៣ទើបនឹងបង្កើត។ បច្ចុប្បន្នManchester United មាន៦ពិន្ទុនាំមុខក្រុមលេខ៧ West Ham ដែលមាន២ប្រកួតក្នុងដៃ។
ចំណែកក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool បានត្រឹមស្មើគ្នា១ទល់១ជាមួយក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham ប៉ុណ្ណោះក្នុងការប្រកួតសប្តាហ៍ទី៣៥នៃក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃទី៧ឈានចូលថ្ងៃទី៨ ខែឧសភានេះ។
ក្រុមហង្សក្រហមដែលកំពុងប្រជែងពានរង្វាន់ Premier League រដូវកាលនេះជាមួយក្រុមកំពូលតារាង Manchester City មានឱកាសក្នុងការលើកពាន ប៉ុន្តែបែរជាបានត្រឹមស្មើជាមួយក្រុម Tottenhamកាលពីយប់មិញដែលនេះជាឱកាសរបស់ក្រុម Man City ក្នុងការដណ្តើមយក៣ពិន្ទុ ក្នុងការប្រកួតជាមួយ Newcastle United នៅរាត្រីថ្ងៃទី៨ ឧសភានេះ។
អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp សង្ឃឹមថានឹងឃើញ Manchester City ភ្លាត់ស្នៀតក្នុងការប្រជែងដណ្តើមពាន Premier League បន្ទាប់ពីក្រុមរបស់លោកបានត្រឹមស្មើនៅឯកីឡដ្ឋាន Anfield ជាលើកដំបូងចាប់តាំងពីខែតុលា។ លទ្ធផលនេះបានធ្វើឱ្យក្រុម Liverpool នាំមុខគេលើការស៊ុតបញ្ចូលទី ប៉ុន្តែក្រុមរបស់លោក Pep Guardiola អាចផ្លាស់ទីបាន៣ពិន្ទុដាច់ ដោយនៅសល់៣ប្រកួតទៀតចប់រដូវកាល ប្រសិនបើពួកគេយកឈ្នះក្រុម Newcastle United នៅថ្ងៃអាទិត្យនេះ។
ការប្រកួតក្នុងតង់ទី១ មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេ រហូតដល់ការប្រកួតក្នុងតង់ទី២ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-min របស់ក្រុម Tottenham បានវាយបករកបាន១គ្រាប់នាំមុខនៅនាទីទី៥៦ បន្ទាប់ពីការលេងស៊ីសង្វាក់គ្នារវាង Harry Kane និង Ryan Sessegnon ជាអ្នកបញ្ជូនបាល់ឲ្យញាក់ដាច់ខ្សែការពាររបស់ Liverpool ។
ជាមួយគ្នានោះក្រុមម្ចាស់ផ្ទះ Liverpool បានវាយបកតាមស្មើវិញជាការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Luis Diaz នៅនាទីទី៧៤ ដើម្បីទម្លុះតំបន់ការពាររបស់ Spurs។ Spurs បានបន្តការពារបន្ទាប់ពីការតាមស្មើ ហើយក៏មានឱកាសវាយសម្រុកដែរ ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បាន។
លោក Klopp បាននិយាយនៅពេលត្រូវបានសួរថា តើ Man City អាចទម្លាក់ពិន្ទុបានទេ “ខ្ញុំមិនអាចមើលឃើញវាទេ ខ្ញុំប្រាថ្នាថាខ្ញុំអាចគិតខុស ប៉ុន្តែខ្ញុំមើលមិនឃើញ។ បញ្ហារបស់ខ្ញុំមិនថា Man City ប៉ះ Newcastle គឺជាការប្រកួតងាយស្រួលមួយ។ យើងមានពិន្ទុច្រើនជាងមុន ដូច្នេះវាជាការល្អ ហើយ ប្រសើរជាងពេលដែលយើងចាញ់ ១–០ ប៉ុន្តែវាមិនមែនជាអ្វីដែលយើងចង់បាននោះទេ យើងត្រូវដោះស្រាយ ហើយយើងនឹងមានឱកាសយ៉ាងពេញលេញ” ។
សូមបញ្ជាក់ថា រដូវកាលនេះគឺជារដូវកាលដ៏ជក់ចិត្តរវាងក្រុម Liverpool និងក្រុម Manchester City ដែលឈ្នះ–ចាញ់គ្នាតែ១ពិន្ទុប៉ុណ្ណោះក្នុងការប្រជែងយកពានរង្វាន់ Premier League ប៉ុន្តែការប្រកួតស្មើរបស់ក្រុមហង្សក្រហម Liverpool បានធ្វើឲ្យក្រុម Man City មានប្រៀបជាងដែលអាចនឹងលើស៣ពិន្ទុ បើសិនជាក្រុមនេះឈ្នះ Newcastle នៅរាត្រីថ្ងៃទី៨នេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)