ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបដឹកគ្រឿងផ្ទះចាស់បង្កប់ឈើថ្មីត្រូវកម្លាំងបរិស្ថានបង្ក្រាបបានរឹបអូសចូលស្នាក់ការនិងនាំខ្លួនអ្នកបើកបរទៅសួរនាំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ រថយន្តយីឌុបខ្នាតយក្សមួយគ្រឿងដែលតែងប្រកបរបរដឹកគ្រឿងផ្ទះចាស់ញឹកញាប់ត្រូវបានកម្លាំងបរិស្ថានប្រចាំការនៅស្រុកកោះញែកស្ទាក់បង្ក្រាបនិងរឹបអូសយកទៅដាក់នៅស្នាក់ការសង្ស័យមានបង្កប់ឈើថ្មីអត់ច្បាប់នឹងធ្វើការរុះរើពិនិត្យធ្វើការវាស់វែងចំនួនឈើផ្ទះចាស់និងឈើថ្មី។

ការបង្រ្កាបនោះកម្លាំងបរិស្ថានបានធ្វើឡើងនៅវេលាម៉ោងប្រហែល៥៖៣០នាទីល្ងាចថ្ងៃទី៧ខែឧសភាឆ្នាំ២០២២ត្រង់ចំណុចផ្លូវបំបែកចូលក្រុមហ៊ុនយូនិគ្រីនក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី។

នៅពេលកម្លាំងបានធ្វើការឆែកឆេរទៅឃើញមានបង្កប់ឈើគ្រឿងផ្ទះថ្មីហើយក៏បានធ្វើការរឹបអូសយកទៅដាក់នៅស្នាក់ការបរិស្ថានវរៈជីវចំរុះកោះញែកដើម្បីធ្វើការរុះរើទម្លាក់ត្រួតពិនិត្យវាស់វែង។

តាមប្រភពបង្ហើបថាក្នុងពេលកម្លាំងបង្ក្រាបនោះសមត្ថកិច្ចបរិស្ថានបានឃាត់ខ្លួនអ្នកបើកបរបានហើយកំពុងនាំទៅធ្វើការសាកសួរបន្តផងដែរ។

ប្រភពបង្ហើបបន្តថារថយន្តដែលដឹកឈើគ្រឿងផ្ទះចាស់បង្កប់ឈើថ្មីនោះម៉ាកFusoពណ៌សលាយខៀវពាក់ស្លាកលេខ.ព្រះសីហនុ.3A.0511តែងធ្វើសកម្មភាពដឹកឈើចាស់បង្កប់ឈើថ្មីប្រើរូបភាពបែបនេះញឹកញាប់នៅតាមបណ្តាខេត្តផ្សេងៗដូចជានៅខេត្តស្ទឹងត្រែង.នៅក្របីជ្រុំស្រុកកូនមុំខេត្តរតនគិរីនិងស្រុកោះញែកខេត្តមណ្ឌលគិរីនេះតែម្តង។

ជាក់ស្តែងពេលនេះត្រូវកម្លាំងបរិស្ថានស៊ើបដឹងស្ទាក់ចាប់តែម្តងហើយអ្នកបើកបររថយន្តនោះត្រូវបាននាំខ្លួនទៅសួរនាំរហូតពេលនេះមិនមានការបង្ហើបថាមានចំណាត់ការបែបណានោះទេឯលទ្ធផល់នៃការវាស់វែងឈើដែលទំលាក់ពីលើរថយន្តក៏គេមិនបង្ហាញតួលេខឱ្យបានច្បាស់លាស់នោះដែរ មន្ត្រីបរិស្ថានបានត្រឹមប្រាប់ថាកំពុងបន្តនីតិវិធីនៅឡើយលទ្ធផលរង់ចាំតិចសិន៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖