ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកឡំប្រឺតាក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាកតូយ៉ូតាកាមរីយ៉ាងលឿនជ្រុលទៅបុកឡំប្រឺតាពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើង និងរងរបួសនារីម្នាក់ធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។

     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HS-6454 មានដឹកភ្ញៀវជានារីម្នាក់អង្គុយពីក្រោយ ដោយបើកតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងហើយបានបើករថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីដ ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2BK-1243 តាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅបញ្ច្រាសគ្នា ហើយខណៈបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែជ្រុលចង្កូតទៅបុកឡំប្រឺតាពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជើង និងនារីម្នាក់ដែលជាភ្ញៀវនោះបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។ក្រោយកើតហេតុបុរសជាអ្នកបើករថយន្តបង្កត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ ដោយភាគីទាំងពីរសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្ក និងឡំប្រឺតាយកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖