ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបយ៉ាងលឿន ឆ្លងស្តុបមិនប្រយ័ត្នជ្រុលទៅបុករថយន្តBMW បើកឆ្លងផ្លូវពេញទំហឹង ប៉ើងទៅបុកម៉ូតូឡំប្រឺតាមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស (ចំណុចនៅនឹងស្តុប បេកាសេ) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកBMW ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AO-1944 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់គេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក PEUGEOT ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BE-9400 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុករថយន្ត BMW ពេញទំហឹង បណ្តាលឲ្យរថយន្តBMW ប៉ើងទៅបុកនឹង ម៉ូតូឡំប្រឺតា ពណ៌សពាក់ស្លាកលេខ 1HZ-6307 កំពុងតែឈប់រង់ចាំភ្លើងស្តុបបណ្តាលឲ្យមនុស្ស២នាក់ជិះនៅលើម៉ូតូឡំប្រឺតារងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
បន្ទាប់ពីកើតហេតុ ដោយភាគីម្ចាស់រថយន្តBMW បានសងសំណងទៅលើម៉ូតូឡំប្រឺតាបញ្ចប់រឿង ចំណែកឯរថយន្តរងគ្រោះមួយគ្រឿងទៀត ដោះស្រាយមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ