ភ្នំពេញ៖ មិនទាន់ស្ងាត់បាត់ពីការជជែកគ្នាលើបណ្តាញសង្គមផងស្រាប់តែពេលនេះផ្ទុះការវែកញែកជាថ្មីជុំវិញករណីបំណុលរំកោះរបស់តារាសម្តែង នាងផេនខេក។ ដំណឹងនេះធ្វើឲ្យគេចាប់អារម្មណ៍ជាថ្មីក្រោយពីអ្នកលក់អនឡាញម្នាក់ដែលបានអះអាងថាខ្លួនជាម្ចាស់បំណុលបានដាច់ចិត្តទម្លាយនូវសារ និងរូបថតមួយចំនួនស្តីអំពីការខកចិត្តនឹងតារាសម្តែង និងពិធីករ ផេនខេកដែលជំពាក់ប្រាក់មិនសងនោះ។គណនីយហ្វេសប៊ុករបស់អ្នកលក់អនឡាញដែលមានឈ្មោះថា Thaniland Importបានលើកឡើងថាម៉េចអី ? កហុកញាក់សាច់រាប់អានណាស់ជឿជាក់ណាស់ យាយចង់បានម៉េចលេងតាមនឹង យល់លុយខ្ញុំរាប់ម៊ឺន$ ខ្ញុំនឹងផុសភស្តុតាងទាំងមូល ទាក់ទងមេធាវីរួចហើយចាំតែធ្វើតាមផ្លូវច្បាប់ ចារឹកអន់ញាក់ នឹងអីមនុស្សគួរអោយមហាជនអាណិត គ្មានការរាប់អានតទៀតទេយល់ PanCake។ បន្ថែមពីសារប្រកាសជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកអ្នកលក់អនឡាញខាងលើថែមទាំងចេញមុខធ្វើការLive វីដេអូបកស្រាយបញ្ជាក់បន្ថែមជុំវិញករណីនេះទាំងទឹកភ្នែកព្រោះតែការតូចចិត្ត និងការយោគយល់ទៅលើផេនខេកជាយូរមកហើយប៉ុន្តែបានត្រឹមការខកចិត្តប៉ុណ្ណោះ។ អ្នកនាង លើកឡើងថាជារឿងហួសចិត្តដែលនាងខំអាណិតស្រលាញ់ផេនខេក និងយោគយល់ជាយូរឆ្នាំមកហើយលើបំណុលខ្ទង់ម៉ឺនដុល្លារនោះ ប៉ុន្តែអ្វីដែលខកចិត្តគឺការប្រើប្រាស់ពាក្យសម្តីមិនសមរម្យត្រឡប់មកនាងវិញទៀត។
ទោះជាយ៉ាងណាមុននេះដែរ ផេនខេកក៏បានធ្វើការLive វីដេអូបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនវិញទាំងទឹកភ្នែកដែរថា នាងពិតជាមិនបានគេចវេស ឬប្រើប្រាស់ពាក្យសម្តីមិនសមរម្យណាមួយទៅកាន់ម្ចាស់បំណុលឡើយ ហើយមួយឆ្នាំចុងក្រោយនេះនាងក៏មិនបានខ្ចីប្រាក់អ្នកណាផ្សេងដែរ។ នាងបានស្នើឲ្យម្ចាស់បំណុលខ្លះធ្វើការពន្យារពេលក្នុងការបង់ប្រាក់ដើមព្រោះតែពេលនេះនាងចាប់ផ្តើមមានការងារខ្លះៗមកវិញហើយ ហើយនាងក៏សន្យាមិនគេចពីម្ចាស់បំណុលនោះដែរ៕
ដោយ ៖ វឌ្ឍនា