ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី ថោង ខុន ៖ ភ្ញៀវទេសចរចេញដើរកម្សាន្តជិត៣០ម៉ឺននាក់​ នាចុងសប្ដាហ៍ទី១ខែឧសភា

ចែករំលែក៖

ភ្នំពេញ៖ បើ​យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ ភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន២៩៩,៨៨៨នាក់ ក្នុងនោះភ្ញៀវជាតិ២៨៣,៩៩០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៥,៨៩៨នាក់​ នាចុងសប្តាហ៍ ថ្ងៃទី៧ -៨ ខែឧសភា ឆ្នាំ២០២២ ។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។

ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៦១,០២០នាក់

* រាជធានីភ្នំពេញ ៤០,៤៨០នាក់

* ខេត្តបាត់ដំបង ៣៤,៧៩០នាក់

* ខេត្តកំពត ៣០,៧០៥នាក់

* ខេត្តកែប ២៩,៥០៩នាក់

* ខេត្តសៀមរាប ១៨,៦៩៦នាក់

* ខេត្តពោធិ៍សាត់ ១៥,១១១នាក់។

លោករដ្ឋមន្ត្រី​ បន្តថា នេះជាសប្តាហ៍ទី៣ជាប់គ្នាបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលចរន្តភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនប្រមាណ៣០ម៉ឺននាក់ ខណៈដែលមុនពិធីបុណ្យចូលឆ្នាំ ចរន្តភ្ញៀវជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់។

បើតាមលោក ថោង ខុន ខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កែប និងកំពត រួមជាមួយគោលដៅទេសចរណ៍នៅភាគពាយព្យនៃខេត្តសៀមរាប បាត់ដំបង និងពោធិ៍សាត់ នៅតែជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក៕

ដោយ​៖ស​ តារា​


ចែករំលែក៖