ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារយ៉ាងខ្លីថា, លើយន្តហោះក៏ត្រូវមើលព័ត៌មានពីសភាពការក្នុងប្រទេសនិងក្រៅប្រទេសដែរ ពិសេសករណីកូវីដ.១៩និងល្បឿននៃការ ចាក់វ៉ាកសាំងជូនប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា, នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា, នេះខ្ញុំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ។
ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក ខ្ញុំនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួនព្រមទាំងបងប្អូនខ្មែរអាមេរិកាំងដែលរស់នៅទីនោះកំពុងរងចាំទទួលខ្ញុំ។
សូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងកូវីដ១៩ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕
ដោយ៖ សុខ ខេមរា