ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាខ្លាំងហើយទើបបើករថយន្តស៊េរីទំនើបម៉ាកBMW ឡើងលើសួនមាត់ទន្លេប៊ិះធ្លាក់ចូលក្នុងទឹកទន្លេ!

ចែករំលែក៖

     ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយ បានបើករថយន្តស៊េរីទំនើបម៉ាកBMW មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកខឿនសួនមាត់ទន្លេ បណ្ដាលឱ្យបែកម៉ាស៊ីនរថយន្តហូរប្រេងទៅមុខលែងរួច តែសំណាងល្អហើយដែលមិនជ្រុលធ្លាក់ចូលទៅក្នុងទន្លេ។

    ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចលើសួនមាត់ទន្លេ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

     បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំហើយបានបើករថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AQ-7826 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១៨ ពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកែងផ្លូវព្រះស៊ីសុវត្ថិ រថយន្តបង្កមិនបានបត់ឆ្វេងឬបត់ស្ដាំនោះទេ ក៏ទៅត្រង់យ៉ាងលឿនបុកខឿនសួន រួចបន្តឡើងទៅលើសួនជិតដល់មាត់ទន្លេ បណ្តាលឱ្យរថយន្តបែកម៉ាស៊ីនហូរប្រេងពេញសួនបើកទៅមុខលែងរួច តែសំណាងល្អដែរដែលនៅប្រមាណតែជាង២ម៉ែត្រទៀតប៉ុណ្ណោះនឹងត្រូវធ្លាក់ចូលក្នុងទន្លេ។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ ដោយមិនមានរងការខូចខាតខឿនសួន មិនប៉ះពាល់ដល់សួននិងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទើបសមត្ថកិច្ចឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖