ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord Rangerមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ក្នុងល្បឿនយ៉ាងលឿន ហើយរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រលំសង្កត់ទៅលើរុឺម៉កម៉ូតូកង់បីខ្មែរមួយគ្រឿងខណៈដែលម្ចាស់កំពុងដេកលង់លក់ តែសំណាងល្អមិនបណ្តាលឱ្យរងរបួសឡើយ រីឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងម្ខាង និងរងការខូចខាតយ៉ាងដំណំផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង ៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភាឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុកអាងទឹក តាមបណ្ដោយផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord Ranger មួយគ្រឿង ពណ៌ត្រេអុី ពាក់ស្លាកលេខខេមរភូមិន្ទ01-2-2462ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឱ្យបាក់រលំសង្កត់ទៅលើរុឺម៉កកង់បីខ្មែរមួយគ្រឿងទៀតដែលកំពុងចតនៅចិញ្ចើមផ្លូវហើយដែលម្ចាស់កំពុងដេកលង់លក់ស្រួល តែសំណាងល្អមិនបណ្ដាលឱ្យរងរបួសនោះទេ គឺគ្រាន់តែរងការខូចខាតសម្ភារៈប៉ុណ្ណោះ រីឯរថយន្តបង្កក៏បានក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ