ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព

ចែករំលែក៖

វ៉ាស៊ិនតោន៖  នៅវេលាម៉ោង១៧ និង៣៣នាទីល្ងាចថ្ងៃទី១០ ខែឧសភា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ិនតោន) ត្រូវនឹង ម៉ោង៦និង៣៣នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅរាជធានីភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានបានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២នេះ។ 

    នៅអាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពីឥស្សរជនជាន់ខ្ពស់ ពិធីការក្រសួងការបរទេសសហរដ្ឋអាមេរិក លោកកែវ ជា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងវត្តមានលោក លោកស្រីជាឥស្សរជនជាន់ខ្ពស់សហរដ្ឋអាមេរិក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ិនតោនជាច្រើនរូបទៀត។ 

     សូមបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិកនាថ្ងៃទី១២-១៣ ខែឧសភា សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងនាមជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាម និងបណ្តាមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ជាច្រើនរូប ពិសេសជួបសន្ទនាដោយផ្ទាល់ជាមួយសហគមន៍ខ្មែរប្រមាណ ១ពាន់នាក់រស់នៅសហរដ្ឋអាមេរិក។

    ចំពោះព័ត៌មានពិស្តារស្តីពីសកម្មភាព សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១២-១៣ ឧសភា និងពិធីសំណេះសំណាលដោយផ្ទាល់រវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមួយនឹងសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក និងធ្វើការផ្សព្វផ្សាយជូនទស្សនាដោយផ្ទាល់ពីរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ទៅកាន់ព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ហេង សុរិយា


ចែករំលែក៖