ព័ត៌មានទាន់ហេតុការណ៍៖

សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ជាទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ !

ចែករំលែក៖

ខេត្តសៀមរាប ៖ អ្នកជំនាញបុរណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ជាទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ដែលកុលាលភាជន៍ទាំងអស់នេះបង្ហាញពីរបៀបរបបរស់នៅប្រចាំថ្ងៃ ការធ្វើពាណិជ្ជកម្ម និងការវិវឌ្ឍ នៃសិប្បកម្មកុលាលភាជន៍របស់បុព្វបុរសខ្មែរសម័យអង្គរ។នេះបើយោងតាម អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប

សូមគោរព សូមរាយការណ៍ជូន លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយលោករដ្ឋមន្ត្រី ក៏បានបង្ហោះជាផ្លូវការលើផេក របស់លោក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ 

លោក វង្ស សាវុទ្ធី បុគ្គលិកបច្ចេកទេសសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ និងបទដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីម្សិលមិញថា ក្រៅពីប្រាសាទដ៏មហិមា ហេដ្ឋារចនាសម្ព័ន្ធ បារាយ ដែលជាភស្ដុតាង នៃអារ្យធម៌អង្គរ កុលាលភាជន៍ ក៏ជាផ្នែកមួយនៃភាពសម្បូររុងរឿងរបស់បុព្វការីយើង ដែលកូនខ្មែរគ្រប់រូបពុំគួរមើលរំលងឡើយ។ លោកបានបន្ដថា ព័ត៌មានពីសិលាចារឹករៀបរាប់អំពីព្រឹត្ដិការណ៍ផ្សេងៗ នៃព្រះមហាក្សត្រ ព្រះរាជគ្រូ បុរោហិត អភិជន គ្រឿងដង្វាយជាខ្ញុំបម្រើ និងភស្ដុភារផ្សេងៗចំពោះប្រាសាទ ពុំផ្ដោតសំខាន់លើជីវភាពប្រចាំថ្ងៃទេ ក្រៅតែអំពីចម្លាក់លិបនៅថែវប្រាសាទបាយ័ន្តនោះ។ ការសិក្សាស្វែងយល់អំពីកុលាលភាជន៍ អាចឱ្យយើងស្វែងយល់បន្ថែមអំពីសង្គមមនុស្សសម័យបុរាណ បន្ថែមលើចម្លាក់លិប នៃប្រាសាទបាយ័ន្ត។ 

អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប បានបន្តថា, លោកបានអំពាវនាវ និងលើកទឹកចិត្តឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ងាកទៅរកសារមន្ទីរផ្សេងៗទៀត ក្នុងតំបន់សៀមរាប ជាពិសេសសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ដើម្បីទទួលបានចំណេះដឹងអំពីវិស័យកុលាលភាជន៍ខ្មែរ ដែលមានតាំងបង្ហាញក្នុងសាលពិព័រណ៌សារមន្ទីរ ហើយក្រៅពីសមុច្ច័យដែលតាំងបង្ហាញភ្ញៀវទេសចរអាចដើរទស្សនាបណ្ដុំឡបុរាណទាំង៥ក្រុម ទេសភាពវាលស្រែ ព្រៃឈើ និងជីវភាពប្រជាពលរដ្ឋ ក្នុងតំបន់ការពារឡបុរាណភូមិតានីបាន។ លោក បានបន្ថែមទៀតថា តំបន់ដែលមានជំរើសទេសចរណ៍ច្រើន  ហើយភ្ញៀវទេសចរគ្រប់រូប គឺសំដៅតែតំបន់ប្រាសាទបុរាណសំខាន់ៗ ក្នុងរាជធានីអង្គរ ដែលធ្វើឱ្យប្រាសាទសំខាន់ៗខ្លះមានភ្ញៀវទេសចរច្រើនកកកុញ ដែលអាចរងផលប៉ះពាល់តិច ឬច្រើនចំពោះប្រាសាទ។ ភ្ញៀវទេសចរ គួរងាកមកចាប់អារម្មណ៍លើវិស័យផ្សេងៗ នៃអារ្យធម៌អង្គរ ព្រោះអារ្យធម៌អង្គរ ពុំមែនមានតែប្រាង្គប្រាសាទ ឬបារាយនោះទេ តែយើងគួរសិក្សាស្វែងយល់បន្ថែមលើវិស័យផ្សេងទៀត ដែលទ្រទ្រង់ឱ្យអារ្យធម៌អង្គររីកចម្រើនថ្កុំថ្កើងឡើង ឧទាហរណ៍វិស័យកុលាលភាជន៍នេះជាដើម។

 សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី មានទីតាំងស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ចម្ងាយប្រមាណ៣២គីឡូម៉ែត្រ ភាគឦសានក្រុងសៀមរាប។ សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ជាសារមន្ទីរដំបូងនៅកម្ពុជា ដែលបានសាងសង់ឡើងនៅលើទីតាំងស្ថានីយបុរាណវិទ្យាផ្ទាល់។ នាកំឡុងសតវត្សទី១០-១១ ក្នុងសម័យអង្គរ ទីនេះជាទីតាំងឧស្សហកម្មផលិតកុលាលភាជន៍ខ្មែរ សម្រាប់បម្រើឱ្យជីវភាពរស់នៅរបស់បុព្វបុរសខ្មែរ។ សំណល់ទួលបុរាណ បំណែកកុលាលភាជន៍រាប់លានបំណែក គ្របដណ្ដប់នៅលើផ្ទៃទំនប់ដែលមានប្រវែងប្រហែល៩០០ម៉ែត្រ មានសារសំខាន់ណាស់ ក្នុងការស្រាវជ្រាវវិស័យកុលាលភាជន៍ខ្មែរ ដែលវិស័យនេះទើបមានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រាវជ្រាវ ក្រោយស្រុកទេសយើងមានសុខសន្ដិភាពបរិបូរណ៌មកនេះ ។សារមន្ទីរនេះ គឺជាមជ្ឈមណ្ឌលតាំងបង្ហាញកុលាលភាជន៍ច្រើនប្រភេទ ដែលអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យារកឃើញពីរណ្ដៅកំណាយបុរាណវិទ្យា ពីបណ្ដុំឡបុរាណនានាជុំវិញ និងក្នុងតំបន់អង្គរ។ ក្នុងនោះមានដូចជាស្ថានីយឡបុរាណអន្លង់ធំ ខ្នារពោធិ៍ សរសី បង្កោង រួមទាំងឡតានីផ្ទាល់ មកដាក់តាំងបង្ហាញនៅសារមន្ទីរនេះផងដែរ៕ 

ដោយ ៖ សហការី


ចែករំលែក៖