ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសរសើរ ដល់គណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ គ្រប់ថ្នាក់ ដែលបានខិតខំរួមគ្នា ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលកន្លងទៅបានល្អប្រសើរ ដែលទាក់ទាញ ប្រជាពលរដ្ឋមកលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ។
លោកប្រធានក្រុមប្រឹក្សារាជធានី បានសរសើរដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំង សមាជិកសមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ អភិបាលរងរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក ម៉ប់ សារិន បានថ្លែងថា ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំឱ្យមានព្រឹត្តិការសង្ក្រាន្តនៅរម្មណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ គឺមាន ប្រជាពលរដ្ឋមកលេងកម្សាន្តយ៉ាង ច្រើនកុះករប្រកបដោយភាពសប្បាយរីករាយរហូតដល់ជាង២២ម៉ឺន នាក់ និងពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញក៏បានចាត់ចែង ក្នុងការចាក់វ៉ាក់សំាងចាប់ពីដូសមូលដ្ឋានរហូតដល់ដូសជំរុញជូនដល់ប្រជាពលរដ្ឋនៅតាមទីវត្តអារាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឱ្យមានភាពសុំាក្នុងការ ការពារជំងឺកូវីដ-១៩ និងបានធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានភាពធូរស្រាលពីជំងឺនេះ។
នៅក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ទីរជំនាញចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទំាងអស់ត្រូវបន្តខិតខំបំពេញការងារទៅតាមជំនាញ រៀងៗខ្លួនឱ្យកាន់តែល្អបន្ថែមទៀត ពិសេស លើបញ្ហាដូចជា ក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ដើម្បីធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋនិងឆ្ពោះទៅការបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់ឱ្យប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការទៅ ថ្នាក់ក្រោមជាតិ ដូច្នេះគ្រប់មន្ទីរជំនាញទាំងអស់ត្រូវធ្វើកិច្ចការជាមួយថ្នាក់ក្រោមជាតិ ហើយអភិបាលរង ទាំងអស់ត្រូវយកចិត្តទុកធ្វើកិច្ចការទៅតាមជំនាញសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាពក្នុងការ ដោះស្រាយបញ្ហា និងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញមានការយកចិត្តទុកដាក់យ៉ាងខ្លាំង លើ បញ្ហា សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ព្រោះវាជាតម្រូវការរួមរបស់ប្រជាពលរដ្ឋ ខណៈ ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕
ដោយ ៖ សំរិត