ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ថៃ-កម្ពុជា លើកទី២៨ ត្រូវបានបិទបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរ

ចែករំលែក៖

ប្រទេសថៃ ៖ នៅព្រឹកថ្ងៃពុធ ១១ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី២៨ រវាងយោធភូមិភាគទី៥ (កម្ពុជា) និងកងទ័ពភូមិភាគទី១(ថៃ) បានបិទកិច្ចប្រជុំនៅព្រឹកនេះ ក្រោយពីបានប្រព្រឹត្តធ្វើឡើងអស់រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ នៅកន្លែងលំហែកាយ កងទ័ពជើងគោកថៃ ស្ថិតនៅសួនសុនប្រាឌិផាត់ ខេត្តប្រាក់ជួបគីរីខ័ន្ធ ព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ភាគីកម្ពុជា ឯភាគីថៃ ដឹកនាំដោយ  ឧត្តមសេនីយ៍ទោ ស៊ុបសាន់ ណងប៊ួឡាង មេបញ្ជាការកងទ័ពភូមិភាគទី១ ជាសហប្រធាននៃអង្គប្រជុំរួម។

ការប្រជុំនេះមានគោលបំណងដើម្បីពិភាក្សារកទិសដៅដោះស្រាយ និងរំលឹកឡើងវិញនូវភាពរីកចម្រើននៃការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពាក់ព័ន្ធទៅនឹងសម្ព័ន្ធភាពកងទ័ព និងសន្តិសុខតាមព្រំដែន ដោយពិចារណាក្នុងការកំណត់ទស្សនវិស័យក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ។

អង្គប្រជុំបានរំលឹកឡើងវិញ អំពីលទ្ធផលនៃការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ថៃ-កម្ពុជា លើកទី២៧ រវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១ ដោយនាំលទ្ធផលនៃការប្រជុំដូចបានពោលខាងលើដើម្បីយកមកពិចារណា និងរៀបចំធ្វើកំណត់ហេតុរួមក្នុងការប្រជុំលើកនេះ។

ក្នុងរយៈពេលបីថ្ងៃនេះអង្គប្រជុំមានការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកពាក់ព័ន្ធនិងបញ្ហាផ្សេងៗក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(RBC) ក្រៅពីនេះភាគីទាំងពីរបានលើកស្ទួយឲ្យមានការអនុវត្តន៍ទៅតាមអនុស្សារណៈនៃការយោគយល់គ្នាស្តីអំពីការត្រួតពិនិត្យ និងរៀបចំបោះបង្គោលសីមាព្រំដែន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ មានប្រសិទ្ធភាពខ្ពស់។

ភាគីទាំងពីរបានឯកភាពរួមគ្នាឲ្យមានការប្រជុំពិភាក្សាដើម្បីកំណត់ទិសដៅក្នុងការទប់ស្កាត់ការលបលួចកសាងសំណង់ខុសច្បាប់ និងការចោលសំណល់រឹង បង្ហូរសំណល់រាវចូលអូរព្រំដែន កម្ពុជា-ថៃ  ភាគីទាំងពីរបានឯកភាពគ្នា ស្នើឲ្យមានការដើរល្បាតដោយមានការទំនាក់ទំនងគ្នាតាមបណ្ដោយព្រំដែន កិច្ចសហប្រតិបត្តិការល្បាត ដើម្បីទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់ និងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន តាមបរិវេណព្រំដែន ទាំងការល្បាតផ្លូវអាកាស តាមបណ្តោយព្រំដែនស្នើឲ្យមានការទំនាក់ទំនងជាមុនសិនមុននឹងមានការហោះហើរ និងទប់ស្កាត់ការីករាលដាលនូវជំងឺកូវីដ-១៩។ 

អង្គប្រជុំបានឯកភាពរៀបចំការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី២៩ នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ការកំណត់ពេលវេលានិងទីកន្លែង នឹងមានការជូនដំណឹងតាមរយៈក្រុមលេខាភាគីទាំងពីរ។

កំណត់ហេតុរួមការប្រជុំគណៈកម្មាធិការព្រំដែនភូមិភាគ ថៃ-កម្ពុជា លើកទី២៨នេះ បានរៀបចំ និងចុះហត្ថលេខានៅកន្លែងលំហែកាយ កងទ័ពជើងគោកថៃ ស្ថិតនៅសួនសុនប្រាឌិផាត់ ខេត្តប្រាក់ជួបគីរីខ័ន្ធ ព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសដ៏សែនរីករាយនិងស្និទ្ធស្នាលបំផុត និងបានជូនកាដូអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖