ព័ត៌មានទាន់ហេតុការណ៍៖

លោក កែប ជុតិមា ជាប់ឆ្នោតជាប្រធានគណៈកម្មការទី៤ ជំនួសតំណែង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព

ចែករំលែក៖

     ភ្នំពេញ ៖ លោក កែប ជុតិមា ជាប់ឆ្នោតជាប្រធានគណៈកម្មការទី៤ ជំនួសតំណែង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព ដែលការបោះឆ្នោត បានធ្វើឡើងក្នុងសម័យប្រជុំ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាចំនួន ១០៦រូប។

 សូមបញ្ជាក់ថា, លោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៤ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ជំនួសតំណែង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព។

លោក កែប ជុតិមា ដែលជាអនុប្រធានគណៈកម្មការទី៩ (គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់) នៃរដ្ឋសភា ត្រូវបានគណបក្សប្រជាជនកម្ពុជា ស្នើជាបេក្ខជនប្រធានគណៈកម្មការទី៤ ដើម្បីឱ្យរដ្ឋសភាបោះឆ្នោតគាំទ្រ។ លោក កែប ជុតិមា គឺជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ក្រៅពីបោះឆ្នោតជ្រើសតាំង លោក កែប ជុតិមា, រដ្ឋសភាក៏បានសម្រេចផ្តល់សុពលភាពនៃអាណត្តិរបស់ លោក ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពផងដែរ។ បន្ថែមពីនេះ រដ្ឋសភាក៏បោះឆ្នោតជ្រើសតាំង លោក ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាថែមទៀត។

ចំណែក លោក ពេជ្រ គឹមស្រ៊ាង ត្រូវបានជាប់ឆ្នោត ជាអនុប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាផងដែរ។ 

សូមជម្រាបជូនថា, បន្ទាប់ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសនូវលទ្ធផល រួចមក គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណ៍យ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានធ្វើការប្រជុំគណៈកម្មការរៀងៗខ្លួន ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានថ្មីជំនួស ដែលមានលទ្ធផលដូចតទៅ៖

១- លោក កែប ជុតិមា ត្រូវបានជាប់ឆ្នោត ជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា

២- លោក ពេជ្រ គឹមស្រ៊ាង ត្រូវបានជាប់ឆ្នោត ជាអនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។

៣- សេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨

– សេចក្តីព្រាងច្បាប់នេះ មាន ពីរមាត្រា

– លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់

 – សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់

– សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មានចំនួន ៣រូបគឺ លោក ហ៊ុន ម៉ានី លោក ឈាង វុន និងលោក សួស យ៉ារ៉ា

– អង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ១០៦សំឡេង។

៤- សេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ

 – សេចក្តីព្រាងច្បាប់នេះ មាន ១១ជំពូក និង៤ពាមាត

– លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណៃយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់

-លោក អង្គ វង្សវឌ្ឍនា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់

– អង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ១០២ សំឡង។

សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ បានផ្អាកនៅវេលាម៉ោង ១១:៥៥នាទី ថ្ងៃខែឆ្នាំដដែល។ ចំពោះព័ត៌មានទាក់ទងការបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នឹងជូនដំណឹងនៅពេល ក្រោយ តាមរយៈសេចក្តីជូនដំណឹង ៕

ដោយ ៖ សិលា


ចែករំលែក៖